(ពោធិ៍សាត់)៖ ក្រោយសន្និបាតពីរបីថ្ងៃ ស្រាប់តែមានមន្ត្រីម្នាក់​ដែល​អះអាងថា ធ្វើការ​​នៅក្នុង​មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តពោធ៌សាត់​បានលួច​ខ្សឹបប្រាប់​នាយខ្វែកថា​ បើ​ចៅហ្វាយ​ខេត្ត​ផ្ដល់​អនុសាសន៏​ហើយ លោកប្រធានមន្ទីរ​នៅ​តែមិន​កែទម្លាប់​ដឹកនាំ ការងារ​ក្ដោប​យក​ផលប្រយោជន៏​តែឯងទៀត​ ពួកគាត់នឹងនាំគ្នា​ធ្វើកូដកម្ម​ប្រឆាំង​ជាចំហរ​ហើយ។

អ្នកខ្សឹបបានអះអាងថា បច្ចុប្បន្នការងារនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តពោធ៌សាត់ ធ្វើការ​ហាក់ដូចជា​មិនសុី សង្វាក់គ្នាសោះ​ ជាពិសេស​តាំងពី​មេថ្មីចូលកាន់​តំណែងនេះ​ បានជាង​កន្លះ​ឆ្នាំមក ​គាត់ក្ដោបការងារ​សេដ្ឋកិច្ច លុយកាក់​ដកយក​ទៅកាន់ និង​ចាយវាយ​តែខ្លួនឯង​លែងមាន​បែបបទ​រដ្ឋបាល​ចាយវាយ​តាមច្បាប់​ហិរញ្ញវត្ថុ និងចាយតាមលទ្ធកម្ម​សាធារណៈ​អស់ហើយ។​

ការងារ​ណា​ពាក់ព័ន្ធ​លុយកាក់ លោកប្រធាន​ប្រមូល​យកទៅធ្វើ ឬ​អោយ​បក្ខពួក​របស់ខ្លួន​ធ្វើប្រមូល​ប្រយោជន៍ ការងារ​ណាសុី​ក្រដាសបានរុញអោយគេធ្វើ ខុសពីមេមុន។ អ្នកខ្សឹបបានបន្ថែមថា តាមពិតរឿងវាចង់ផ្ទុះឡើងតាំងពីថ្ងៃសន្និបាត របស់មន្ទីរ​កាលពីថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ២០១៧ កន្លង​ទៅនេះ​មកម៉្លេះ ដោយថ្នាក់ក្រោម​ប្រុងឡើង​តវ៉ា​រាយការណ៏​ អោយ​លោក​អភិបាល​ខេត្តដឹង​ ដើម្បីគាត់ជួយ​ដោះស្រាយ​ តែ​ពេល​ លោក​អភិបាលខេត្ត​ឡើងថ្លែងចំ​ណាប់អារម្មណ៏ លោកបាន​ធ្វើការផ្ដល់​អនុសាសន៏​ក្រើនរំលឹក​អោយមន្ត្រីថ្នាក់​ដឹកនាំ បុគ្គលិក​នៅក្នុង​មន្ទីរទាំងអស់ ត្រូវមាន​វប្បធម៌​សាមគ្គីភាព​អោយបាន​ទូលំទូលាយ ប្រើប្រាស់​ក្រម​សីលធម៌ ទើប​នាំមកនូវភាព​សុខសាន្ត និង​អភិវឌ្ឍន៏​ ទើបពួកគា​ត់រៀង​ ស្ងប់អារម្មណ៏​ទៅវិញ ដោយ​រងចាំមើល​ថាតើ​ លោក លៀម ប៊ុនរឿន កែ​ទំលាប់​ដឹកនាំ​ការងារ​តាមអនុសាសន៏​ របស់លោក​អភិបាល​ខេត្តឬអត់?​ តែមួយ​ថ្ងៃពីរនេះ ​អ្វីៗហាក់ដូចជា​នៅដដែល ទើប​ពួកគាត់​លួចទម្លាយ​តាមអង្គភាពសារព័ត៌មាន Fresh News ក្រែងលោ លោកប្រធានឃើញ នឹងកែ តែបើ នៅ​តែមិន​កែទៀត ពួកគាត់​នឹងទម្លាយ​ឯកសារ ទម្លាយរឿង​ជាសាធារណៈហើយ។

តាមមន្ត្រីនៅខេត្តពោធិ៍សាត់​ ដែលស្គាល់នាយខ្វែក ហើយលួចខ្សឹប បានអះអាងថា​​នៅក្នុង​មន្ទីរៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ចាប់តាំងពី លោក លៀម ប៊ុនរឿន ឡើង​កាន់​តំណែង ហើយ​ប្រមូល​ការងារ​លុយកាក់​យក​ទៅកាន់​ខ្លួនឯង និងដឹកនាំ​ការងារ​តាមបែប​អត្តនោម័តមក រវាងប្រធាន អនុប្រធានភាគច្រើន និង​ប្រធានការិយាល័យ​មួយចំនួន​ធ្វើការ​គឺដូចទឹក និងប្រេង អនុប្រធានខ្លះ​លែងចង់​ចូលកន្លែង​ធ្វើការ​ទៅហើយ។ ខាងលើនេះ​គឺគ្រាន់តែជា​សារតូច​មួយ​តែប៉ុណ្ណោះ ជូនទៅលោក​ប្រធាន​មន្ទីរ​រៀបចំដែនដី​អោយកែទម្លាប់ធ្វើការ បើមិនដូច្នេះទេ រឿងអាស្រូវនឹងផ្ទុះ នៅថ្ងៃណាមួយជាមិនខានឡើយ កុំអោយថា​មិនបាន​ប្រាប់មុន៕

លោក​ លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តពោធ៌សាត់