(កណ្ដាល)៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងលោក នៃ ចារី អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូចុះទស្សនកិច្ចត្រួតពិនិត្យយុវជន-យុវនារី ដែលកំពុងទទួលបានការបន្សាបគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ព្រមទាំងបានផ្ដល់ជាឱវាទអប់រំល្អៗបន្ថែម ដល់ពួកគេផងដែរ។
ខណៈចុះពិនិត្យបន្ទប់ស្នាក់នៅរបស់អ្នកញៀននោះ លោក ឃួង ស្រេង បានផ្តល់ឱវាទណែនាំជាច្រើន ដល់អ្នករងគ្រោះ ដោយសារគ្រឿងញៀនទាំងនោះ ដើម្បីផ្តាច់ញៀនឲ្យបានជោគជ័យ។
លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា «រាជរដ្ឋាភិបាលដឹកនាំប្រទេស មិនចង់ឲ្យកើតមានបញ្ហាអស់ទាំងនោះទេ ដូចឪពុកម្តាយអញ្ចឹង គ្មានឪពុកម្តាយណាមួយចង់ឲ្យកូនក្រ ចង់ឲ្យកូនរងទុក្ខវេទនាបែបនេះទេ គាត់ខិតខំទួលរែក ចិញ្ចឹមយើងធំៗប៉ិននេះហើយ មិនដឹងគាត់លំបាកយ៉ាងណានោះទេ ដូច្នេះសូមប្អូនៗត្រូវតាំងចិត្តផ្តាច់ញៀនឲ្យបាន»។
លោកស្រីប្រធានមណ្ឌលឱកាសខ្ញុំ បានឲ្យដឹងថា អ្នកញៀនថ្នាំចាស់ៗ ដែលកម្លាំងសមត្ថកិច្ច បញ្ជូនចូលមណ្ឌល ជាលើកទី២នោះ បណ្ដាលមកពីកត្តាជាច្រើន ដូចជា ឪពុកម្តាយមិនយកចិត្តទុកដាក់លើកូនៗ សហគមន៍រើសអើង ពិសេសឆន្ទៈខ្លួនឯង មិនតាំងចិត្តផ្តាច់ញៀន ជាហេតុធ្វើការញៀនរើឡើងវិញ។ លោកស្រីក៏បានស្នើដល់អាណាព្យាបាលត្រូវចូលរួមមើលថែកូនៗផងដែរ។
លោកស្រីប្រធានបានឲ្យដឹងបន្តថា ចាប់តាំងពីការបើកយុទ្ឋនាការបង្ក្រាបគ្រឿងញៀន នាដើមខែមករា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានអ្នកចូលមកបន្សាបគ្រឿងញៀន ចំនួន៧២៩នាក់ ក្នុងនោះមានស្រ្តី ៦០នាក់។ ដោយឡែកអ្នកញៀនថ្នាំដែលកំពុងសម្រាក នៅក្នុងមណ្ឌលខាងលើ មានចំនួនសរុប ១,៧៨៥នាក់ (ស្ត្រី១២១នាក់)។
បច្ចុប្បន្ន មណ្ឌលមានអគារស្នាក់នៅផ្នែកបុរស ចំនួន២អគារ (២២បន្ទប់) និងអគារស្នាក់នៅផ្នែកនារី ១អគារ (១០បន្ទប់)។ លោកស្រីប្រធានបានបន្ថែមថា «ក្រោយពីទទួលការព្យាបាលបានធូរស្រាលហើយ មណ្ឌលមានបង្រៀនជំនាញវិជ្ជាជីវៈជូនដល់ពួកគាត់ថែមទៀត ដូចជាកុំព្យូទ័រ កាត់សក់បុរស កាត់ដេរសម្លៀកបំពាក់ សំអាងការ អ៊ុតសក់នារី ចិញ្ចឹមត្រី មាន់ ទា និងដំណាំ ជាដើម»៕