(សិង្ហបុរី)៖ ក្នុងថ្ងៃហាត់សមចុងក្រោយដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅសាធារណរដ្ឋសិង្ហបុរី ដែលបានប្រារព្វធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ក្រុមសិល្បៈកម្ពុជាបានទទួលការចាប់អារម្មណ៍ជាពិសេស ពីសំណាក់មហាជន ក៏ដូចជាបណ្តាសារព័ត៌មានអន្តរជាតិជាច្រើន ដែលក្នុងនោះរួមមានសារព័ត៌មានធំជាងគេនៅក្នុងប្រទេសសិង្ហបុរី The Straits Times និងសារព័ត៌មាន Singapore News។
ការសំដែងនេះត្រូវបានធ្វើឡើងក្នុងចំណោមសិល្បៈករ និងសិល្បៈការិនីប្រមាណជិតមួយម៉ឺននាក់មកពីប្រទេសកូរ៉េ ចិន ម៉ាឡេស៊ី ជប៉ុន និងឥណ្ឌូនេស៊ី ដើម្បីត្រៀមខ្លួនសំដែងជាក់ស្តែងនៅរាត្រីនេះ ក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង និងភរិយា។
ក្រុមសិល្បៈកម្ពុជាដែលមានសិល្បៈករ និងសិល្បៈការិនីសរុបចំនួន៥១នាក់ បានសម្តែងនូវទម្រង់របាំរបស់ខ្លួនលើចម្ងាយផ្លូវ៦០០មែត្រ ទាំងក្នុងទិដ្ឋភាពក្នុងទឹក លើដី និងលើឆាកសម្តែង (លើអាកាស) ដែលទម្រង់នេះកើតចេញពីការគួបផ្សំនូវទម្រង់សិល្បៈបុរាណខែ្មរចំនួនបួនទម្រង់ រួមមានល្ខោនស្បែកធំ របាំអប្សរា គុនល្បុក្កតោ និងរបាំកញ្ឆែ។
ការសម្តែងរបស់កម្ពុជាបានបញ្ចប់ទៅដោយសំឡេងទះដៃកងរំពងពីសំណាក់អ្នកទសន្សនា ក៏ដូចជាក្រុមសិល្បៈករ សិល្បៈការិនាមកពីបណ្តាប្រទេស ផ្សងៗទៀតផងដែរ។
គួររំលឹកថា ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសឹង្ហបុរី គណៈប្រតិភូកម្ពុជា ដែលក្នុងនោះរួមមានថ្នាក់ដឹកនាំ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដឹកនាំដោយលោកស្រី ភឿង សក្កណា រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសហភាពភាពសហព័ន្ធយុវជនកម្ពុជា រួមមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ បានសហការដឹកនាំក្រុមការងារ រួមទាំងសិល្បៈករ សិល្បៈការិនីសរុបចំនួន៧៤រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍នៅឆ្នាំនេៈ ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ខែ្មរលើឆាកអន្តរជាតិ និងផ្តល់ឱកាសឲ្យសិល្បៈករ សិល្បៈការិនីជាយុវជនជំនាន់ក្រោយបានចូលរួមបង្ហាញមោទភាពជាតិ និងសិក្សាពីទិដ្ឋភាពសិល្បៈនានាពីបណ្តាប្រទេសជាមិត្ត៕
រូបភាពដោយសហភាពសហព័ន្ធយុវជនកម្ពុជា ពីសិង្ហបុរី៖