(ស្វាយរៀង)៖ ឃ្លាំងស្តុក​ឈើ​ដ៏ធំមួយ​នៅស្រុករំដួល ខេត្តស្វាយរៀង ដែលគេ​ស្តុកសំរាប់​នាំចេញទៅ​ប្រទេស​វៀតណាម ពេលយប់ៗជ្រកក្រោមផ្លាក​ដេប៉ូលក់ឈើ​​ប្រើប្រាស់ក្នុងស្រុក ត្រូវបាន​គណៈកម្មការ​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស ធនធានធម្មជាតិ​របស់​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​ ចុះឆែកឆេរ​នៅព្រឹក​ថ្ងៃនេះ។

ឃ្លាំងស្តុកឈើ​ជ្រកក្រោមផ្លាក​ដេប៉ូលក់​ឈើ​របស់​ ឈ្មោះ សាយ ដែលគេដឹងថា​ មានតួនាទី​ជាមន្ត្រីអាវុធ​ហត្ថដែរនេះ រហូត​មកដល់​រសៀលថ្ងៃនេះ​ គេនៅមិនទាន់ដឹងថាឈើ​ដែលស្តុក​នៅក្នុងឃ្លាំង និង​ក្នុងដេប៉ូ​ចំនួន២កន្លែង​នោះមាន ច្បាប់​ប៉ុន្មាន?​ អត់ច្បាប់​ប៉ុន្មាន​នៅឡើយ​នោះទេ? ​តែបើ​តាមប្រភព​បានឲ្យដឹងថា​ សំរាប់ឈើ​ទាំងអស់នោះ​អាចមាន ច្បាប់​សំរាប់​លក់ប្រើប្រាស់​នៅក្នុងស្រុកខ្លះ ​តែគេ​យក​ទៅស្តុក​ទុកនៅទីនោះ​ សំរាប់​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ៕