(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូន កីឡាករ បុង ហុង ជាជនពិការ និងជាម្ចាស់មេដាយមាស វិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ព្រឹត្តិការណ៍អាស៊ាន-ប៉ារ៉ាហ្គេម ឬស៊ីហ្គេមជនពិការ លើកទី៨ នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ហើយដែលបច្ចុប្បន្នមានជំងឺស្អិតពោះវៀនធ្ងន់ធ្ងរ កំពុងវះកាត់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្នុងឱកាសប្រគល់អំណោយ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ចំពោះកីឡាករ បុង ហុង និងសូមជូនពរដល់កីឡាករ បុង ហុង ដែលកំពុងមានជំងឺឆាប់ជាសះស្បើយទៅបន្តការហ្វឹកហាត់ដើម្បីចូលរូមប្រកួតអាស៊ាន-ប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេសុីនៅខែកញ្ញាឆ្នាំ២០១៧ នាពេលខាងមុខនេះ។
អ្នកស្រី វិត ចាន់ថា ភរិយារបស់កីឡាករបុងហុង ដែលមកទទួលអំណោយនាឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះអ្នកជំងឺពិការជួបការលំបាក ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថាអ្នកស្រីវិតចាន់ថាក៏ជាជនពិការដែរហើយក៏ជាកីឡាការនីរត់ប្រណាំងអាស៊ាន-ប៉ារ៉ាហ្គេម ដូចគា្នដែរ។ កាលឆ្នាំ២០១៥ គាត់ទទួលបានចំណាត់ថ្នាក់លេខ៤ ហើយលើកនេះគាត់ប្តេជ្ញាចិត្តខិតខំយកមេដាយឱ្យបាន៕