(ភ្នំពេញ)៖ បើតាមលោក ទូច សុខៈ អ្នកនិពន្ធសៀវភៅ «បណ្តាំម៉ែនី» បានបញ្ជាក់ថា សៀវភៅបណ្ដាំម៉ែនីនេះ នឹងបោះពុម្ពចេញជាភាគ២ ចំនួន១,០០០ក្បាល នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ដែលលើទំព័រនីមួយៗ នៃសៀវភៅដ៏ចំណានមួយនេះ មានរៀបរាប់នូវប្រសាសន៍ និងអនុសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោក ទូច សុខៈ បានបញ្ជាក់ថា លោកចាប់ផ្ដើមសរសេរសៀវភៅ «បណ្ដាំម៉ែនី» ភាគ២នេះ នៅឆ្នាំ២០១៦ រហូតមល់ពេលនេះ សម្រេចបានលទ្ធផល៦០ភាគហើយ។ ចំពោះខ្លឹមសារសៀវភៅវិញ លោកប្រាប់ថា «ខ្ញុំប្រមូលប្រសាសន៍ អនុសាសន៍ ឬសារសំខាន់ៗរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមសម្ដេចជាស្ត្រីទី១នៃកម្ពុជា និងជាប្រធានកាកបាទក្រហម យកមកតាក់តែងជាបទកំណាព្យអប់រំ រួចភ្ជាប់ការពន្យល់ផ្លូវច្បាប់បន្ថែម»។
កវីនិពន្ធ ដែលជាពិធីករព័ត៌មានមួយរូបនៅស្ថានីយ៍ទូរទស្សន៍ ហង្សមាស បានអះអាងថា «សៀវភៅនេះ ពុំមានចរិតនយោបាយនោះឡើយ»។
កាលពីឆ្នាំ២០១៥ លោកបានបោះពុម្ភសៀវភៅ «បណ្ដាំម៉ែនី» ភាគ១ ចំនួន ១,០០០ក្បាល ហើយបន្ទាប់ពីបោះពុម្ពសៀវភៅ «បណ្តាំម៉ែនី» ភាគ២នេះរួច លោកនឹងចែកជូនដល់ប្រជាពលរដ្ឋ យុវជនគ្រប់ស្រទាប់វណ្ណៈ ដោយឥតគិតថ្លៃ ព្រមទាំងតម្កល់តាមសាលារៀន និងបណ្ណាល័យផងដែរ ដើម្បីជាផ្នែកមួយទុកជាឯកសារប្រវត្តិសាស្ត្រ សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ។
តើកវីនិពន្ធឈ្មោះ ទូច សុខៈ ខាងលើជានរណា? លោក ទូច សុខៈ សព្វថ្ងៃបានបំពេញការងារជា អនុប្រធានគ្រប់គ្រងព័ត៌មានរាជធានី-ខេត្ត នៃស្ថានីយ៍ទូរទស្សន៍ ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មានភ្ជាប់ដោយការពន្យល់ផ្លូវច្បាប់ផងដែរ។ លើសពីនេះ លោកជាប្រធានសមាគមពិធីករ-ពិធីការិនីកម្ពុជា ថែមទៀត។
ទាក់ទងនឹងការបណ្ដុះបណ្ដាល លោកជាគ្រូបង្រៀនច្បាប់តាមមហាវិទ្យាល័យ ជាអ្នកបណ្ដុះបណ្ដាលជំនាញពិធីករ និងសារព័ត៌មាន សិល្បនិយាយជាសាធារណៈ។ ចំពោះការសិក្សារបស់យុវសិស្សវិញ លោកបាននិងកំពុងចុះធ្វើបទបង្ហាញអំពី វិធីសាស្ត្ររៀនដល់សិស្សានុសិស្ស ទូទាំងខេត្តព្រៃវែង ពិសេសបេក្ខជនត្រៀមប្រលងបាក់ឌុប។
អំពីវិធីរៀននេះ លោកបានចងក្រងសៀវភៅជាច្រើន តែមិនទាន់ចេញផ្សាយជាសាធារណៈនៅឡើយ។ កន្លងទៅលោកធ្លាប់ចុះធ្វើបទបង្ហាញលើប្រធានបទនេះ ក្នុងខេត្តតាកែវ កណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប ផងដែរ៕