(ភ្នំពេញ)៖ ករណីជម្លោះវាយតប់បណ្តាលឲ្យអតីតភរិយា លោក យស ប៉ោ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតអគ្គលេខាធិការ នៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិ និងកសាងមាតុភូមិកម្ពុជា រហូតរងរបួសធ្ងន់ មកដល់ពេលនេះ ខាងភាគីម្ខាងទៀត បានចេញមុខបកស្រាយថា ករណីនេះ ត្រូវបានដោះស្រាយ និងបញ្ចប់រួចរាល់ហើយ គឺសងសំណង៣៥០០ដុល្លារ។
លោក ទ្រី លឹមហេង តំណាងឲ្យភាគីបង្កជម្លោះដែលជាចុងបណ្តឹង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីមានជម្លោះឈានដល់ការបង្កអហិង្សាជាមួយ លោកស្រី អ៊ុ គឹមធីណូន អាយុជាង៥០ឆ្នាំ ភរិយារបស់លោក យស ប៉ោ បានកើតឡើងពិតមែន ប៉ុន្តែត្រូវបានដោះស្រាយ និងបញ្ចប់រួចរាល់ហើយ ក្រោយសងសំណង៣៥០០ដុល្លារ។
លោក ទ្រី លឹមហេង បានបញ្ជាក់ឲ្យដឹងថា រឿងនេះ បានបញ្ចប់ទៅហើយ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជា លោកស្រី អ៊ុ គឹមធីណូន បានសើរើឡើងវិញ ហើយប្តឹងជាថ្មីម្តងទៀត ទាំងដែលរឿង បានបញ្ចប់ និងដោះស្រាយគ្នារួចរាល់ ហើយខាងគ្រួសារលោក ក៏បានចេញសំណងរួចរាល់ហើយដែរ។
លោក ទ្រី លឹមហាក់ បានរៀបរាប់ពីហេតុការណ៍នោះថា «នៅថ្ងៃចិនសែនគ្រួសារខ្ញុំ ជួបជុំគ្នាហូបចុក ដោយមានចាក់ធុងបាស់កំដរក្រោយការហូបចុកគ្រួសារខ្ញុំបែកគ្នាអស់ មួយសន្ទុះក្រោយមក មានភាគីម្ខាងទៀតមានស្រី ប្រុសមកជេរគ្នាទៅវិញទៅមកស្រាប់តែឈ្មោះ អ៊ុ គឹមធីណូន យកមួកសុវត្ថិភាពវាយក្បាលឈ្មោះ ទ្រី លីមហាង ទើបបណ្តាលឲ្យមានការប្រតាយប្រតប់គ្នាដោយភាគីខាងស្ត្រី អ៊ុ គឹមធីណូន បានយកដុំថ្មចោលមកយើងខ្ញុំ ចំក្បាលឈ្មោះ ទ្រី លីមហាង សន្លប់មួយសន្ទុះទើបដឹងខ្លួនដោយឃើញសភាពការណ៏បែបនេះ ពួកយើងខ្ញុំរើសដុំថ្មដែលខាងភាគីស្ត្រីចោលមក ដើម្បីការពារខ្លួន និងទាញបានដងអំបោសជូតផ្ទះមួយ តែមិនបានវាយទេ។ដូច្នោះ ខ្ញុំសូមបដិសេធន៍ ទាំងស្រុង ដែលពួកយើងខ្ញុំសុទ្ធតែស្រវឹង ហើយមានគ្នាជាងដប់នាក់ព្រួតវាយតប់ ទៅលើស្ត្រីរូបនោះ ការត្រូវរបួសទាំងសងខាង គឺការវាយគ្នាទៅវិញទៅមកទេ ខ្ញុំមានគ្នាមិនលើសពី៥នាក់ទេ មានស្រីម្នាក់ផងដែរ ចំណែកភាគីខាងជម្លោះ វិញនោះមានគ្នាលើសពី៥នាក់ ហើយរឿងមួយដែលហួសចិត្តដែលចោទពួកខ្ញុំ ទៅអុកឡុកដល់មន្ទីរពេទ្យនោះ គឺគ្មានទាល់តែសោះចំពោះអ្នករបួសខាងខ្ញុំ ក៏បានបញ្ជូនទៅមន្ទីពេទ្យវិសាលសុខដែរ»។
គួរបញ្ជាក់ថា អំពើហិង្សាខាងលើ កើតចេញពីការចាក់ធុងបាស រាំកម្សាន្ត នៅថ្ងៃសែនចូលឆ្នាំចិន នៅក្នុងភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៥៖០០ល្ងាច ថ្ងៃ២៧ ខែមករា ឆ្នាំ២០១៧ ។
ជុំវិញករណីនេះ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានថ្លែងប្រាប់អង្គភាព Fresh News ថា តាមពិតនៅពេលកើតហេតុនោះ ខាងនគរបាលប៉ុស្តិ៍ បានទទួលពាក្យបណ្តឹង រួចហើយក៏ឲ្យទៅពេទ្យសិន ប៉ុន្តែនៅថ្ងៃស្អែក ខាងប៉ុស្តិ៍ហៅមកសួរនាំ តែគាត់មិនព្រមទៅ បែរជាទៅប្តឹងខាងមន្រ្តីអាវុធហត្ថទៅវិញ៕