(ព្រៃវែង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅរបស់គ្រូ-សិស្ស សរុប ២១ខ្នង ស្មើនិងប្រមាណ ២៧៧បន្ទប់។
សាលាដែលទទួលបានអគារសិក្សានេះរួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ វិទ្យាល័យព្រះអង្គឌួង សាលាគរុកោសល្យខេត្ត សាលាគរុកោសល្យភូមិភាគ ព្រមទាំងសាលាបឋសិក្សាអនុវត្តន៍។ ក្រៅពីការផ្តល់អគារសិក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានចាត់ចែងឲ្យរៀបចំសាងសង់របង ក្លោងទ្វាសាលា និងសាងសង់តារាងបាល់ទាត់ បាល់ទះ ព្រមទាំងបានផ្តល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ម៉ាស៊ីនហ្វូតូកុំពី។
នៅក្នុងជំនួបសំណេះសំណាលដ៏ស្និទ្ធស្នាលជាមួយសិស្សគរុកោសល្យសម្តេចតេជោ ហ៊ុន សែន ក៏បានឧត្ថម្ភសម្រាប់ការដើរកម្សាន្តតាមសំណើរបស់ពួកគេផងដែរ។ ដំណើរកម្សាន្តនេះសម្តេចតេជោ ចាត់ចែងឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នករាប់រង។
នៅចំពោះមុខក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយ ដែលបានចុះមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្ត ព្រមទាំងបានដោះស្រាយបញ្ហាខ្វះខាតអគារសិក្សា ជូនសិស្សានុសិស្ស។
សូមបញ្ជាក់ថា ក្នុងដំណើរចុះទៅដល់ខេត្តចំនួន២៣ រួមទាំងខេត្តព្រៃវែង ដើម្បីសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលចាប់ផ្តើមតាំងធ្វើឡើងតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៦មកនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាសរុបជាង ៣០០រយខ្នង ស្មើនិងជាង ៣ពាន់បន្ទប់ហើយ។ នៅសល់តែខេត្តកោះកុងមួយទៀតប៉ុណ្ណោះ ដែលសម្តេចតេជោ ហ៊ុន សែន មិនទាន់បានធ្វើដំណើរទៅសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕