(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប្រជាការពារ បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញា​ជួញដូរគ្រឿងញៀនបានម្នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ និងឧបករណ៍​បម្រើឲ្យការជួញដូរជាច្រើនទៀត។​

ប្រតិបត្តិការ​បង្ក្រាបនេះ ធ្វើឡើងនៅយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលស្រុកក្រគរ ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។​

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh ​News ឲ្យដឹងថា ក្នុងប្រតិបត្តិការ​បង្ក្រាបមុខសញ្ញាជួញដូរនូវសារធាតុញៀនខាងលើ កម្លាំងរបស់លោកបានឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ប៉ុន រាសី អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀន៩កញ្ចប់ ម៉ូតូ១គ្រឿង ម៉ាក Air Black ទូរស័ព្ទដៃ១គ្រឿង លុយ ១៥០,០០០រៀល និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត។​ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងនគរបាល​កំពុងបំពេញ​នីតិវិធី ដើម្បីបញ្ជូនឱ្យជំនាញខេត្តចាត់ការបន្ត៕