(បន្ទាយមានជ័យ)៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមជាមួយលោក សួន បវរ អភិបាលខេត្ត លោក លី សារី ប្រធានកាកបាទក្រហមកម្ពុជាសាខាបន្ទាយមានជ័យ និងសប្បុរសជនជាច្រើនរូប នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអង្ករចំនួន ៨តោន ផ្គត់ផ្គង់ដល់យុវជន-យុវនារីជិត៥០០នាក់ ដែលកំពុងកែប្រែបន្សាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជាមានយុវជន-យុវនារី និងពលរដ្ឋមួយចំនួនកំពុងចង់ដឹង និងចង់សាកល្បងនូវការសេពគ្រឿងញៀន តែវាបង្កឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យមនុស្សបាត់បង់អនាគតរបស់ខ្លួន ដូច្នេះហើយត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន។
លោកអភិបាលខេត្ត សួន បវរ បានឲ្យដឹងដែរថា យុវជន-យុវនារី ដែលនៅមជ្ឈមណ្ឌលស្តារនិតិសម្បទាជីវិតថ្មីភ្នំបាក់នេះ ត្រូវខិតខំអប់រំចិត្ត និងត្រូវបញ្ឈប់នូវការសាកល្បងគ្រឿងញៀន នៅពេលដែលបានបន្សាបគ្រឿងញៀនចេញពីខ្លួនហើយ ប្រធានមណ្ឌមជ្ឈមណ្ឌល នឹងឲ្យបងប្អូន ឪពុក ម្តាយ មកទទួលយកវិញហើយ។ តែទោះជាយ៉ាងណា មិនត្រូវសាកល្បងគ្រឿងញៀនសារជាថ្មីឡើយ បើមិនដូច្នេះទេ អ្នកទាំងអស់គ្នានឹងទទួលការចាប់ចង់ ពីកម្លាំងសមត្ថកិច្ចជំនាញយកចាត់ការតាមនីតិវិធីច្បាប់។
ប្រធានកាកបាទក្រហមខេត្ត លោក លី សារី បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រមហកម្ពុជា ដែលតែងតែគិតគូរនូវបញ្ហារបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់និន្នាការនយោបាយ បក្ខពួកអ្វីទាំងអស់ គឺពោលឲ្យតែពលរដ្ឋណាម្នាក់មានទុក្ខ ខ្វះខាត រងគ្រោះអ្វីមួយ គឺមានកាកបាទក្រហមកម្ពុជា និងទៅដល់មូលដ្ឋានពលរដ្ឋមិនទុកយូរឡើយ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលស្តារនីតិសម្បទាជីវិតថ្មីភ្នំបាក់ មានផ្ទៃដី ៨,៦៨៧ម៉ែត្រការ៉េ មានអាគារ៨ខ្នង មានសេវាការអប់រំចិត្តសាស្ត្រ ការធ្វើលំហាត់ប្រាណ ការងាររបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងសមាហរណកម្មតាមដាន។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានផ្តល់ថវិកា១០០០ដុល្លារ សំរាប់ទិញធុងទឹក១ និងផ្តល់អង្ករ១តោនប្រចាំខែ ហើយលោក មាស ច័ន្ទពិសិដ្ឋ បានផ្តល់ថវិកា១០០០ដុល្លារសំរាប់ទិញធុងទឹក ១ផងដែរ៕