អភិបាលខេត្តកំពង់ស្ពឺ ចែកមួកសុវត្ថិភាពដល់មន្រ្តីក្នុងសាលាខេត្ត និងណែនាំឲ្យបើកបរដោយការប្រុងប្រយ័ត្នខ្ពស់
10-02-2017 10:43
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចែកមួកសុវត្ថិភាពជូនដល់មន្ត្រីរាជការសាលាខេត្ត និងបានផ្ដាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ជាគំរូល្អឲ្យពលរដ្ឋធ្វើតាម។
លោកអភិបាលខេត្តបានណែនាំថា អ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ ត្រូវបើកបរប្រកបដោយភាពគំរូ កុំពិសាគ្រឿងស្រវឹង ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា។
ការប្រគល់មួកសុវត្ថិភាព និងការផ្ដល់អនុសាសន៍ណែនាំទាំងនេះ គឺដើម្បីការពារអាយុជីវិត និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» និងតាមពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារអាយុជីវិតម្នាក់»៕