(ព្រះសីហនុ)៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌ ខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថស្រុកព្រៃនប់ ចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិបទគគីរ ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមជាមួយថ្នាំញៀន២២កញ្ចប់។
លោកវរសេនីយ៍ទោ ឆេង វុទ្ធី បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។ លោកបានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ ឆាយ មាន អាយុ៤២ឆ្នាំ, ២៖ ឈ្មោះ សឿន ស៊ីម៉ាន់ ភេទស្រី អាយុ៣៤ឆ្នាំ។
បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យកម្លាំងអាវុធហត្ថ ដកហូតបានម្សៅសរថ្លា២២កញ្ចប់ (ទម្ងន់៧ក្រាម) ទូរស័ព្ទដៃ២គ្រឿង និងថង់សម្រាប់ច្រកថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបទល្មើសគ្រឿងញៀន កំពុងបន្តនីតិវិធី៕