(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជូន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា កម្លាំងនគរបាលរបស់លោក បានបន្តប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចំនួន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងថ្នាំញៀន៦កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា ករណីទី១៖ ធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ នៅក្នុងភូមិរាម ​ឃុំរាម ស្រុកព្រៃនប់ ដោយកម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ នង វិរៈ អាយុ១៨ឆ្នាំ បានដកហូតថ្នាំញៀន១កញ្ចប់ធំ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីទី២៖ធ្វើឡើងនៅថ្ងៃដដែល​នៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់​៖ ១.ឈ្មោះ សាំង ភ័ក្រ្ត អាយុ៣៣ឆ្នាំ, ២.ឈ្មោះ សេង លីណា ភេទស្រី អាយុ៣៩ឆ្នាំ, ៣.ឈ្មោះ ណុប គីនីន អាយុ៣៥ឆ្នាំ។ ដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ ប្រាក់៤០ដុល្លារ​ និង១០០,០០០រៀល​ និងសម្ភារផ្សេងៗមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនបានជាបន្តបន្ទាប់ហើយ កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីនៅតុលាការ៕