(ព្រៃវែង)៖ នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងជួបសំណេះសំណាលជាមួយសមាជិក សមាជិក គណបក្សប្រជាជនកម្ពុជា នៅក្នុងមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បន្ទាប់ពីសម្តេចបានបញ្ចប់ការជួបជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យមួយចំនួន ក្នុងក្រុងព្រៃវែងនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានបើកយុទ្ធនាការចុះសំណេះសំណាល តាមបណ្តាខេត្តនានា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ដោយក្នុងនោះ សម្តេចបានជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។ យុទ្ធនាការនេះក៏ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យ មើលលទ្ធផល របស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន នៅពាក់កណ្តាលអាណត្តិទី ៥នេះផងដែរ។
អំឡុងជួបសំណេះសំណាលសួរសុខទុក្ខ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមបណ្តាខេត្តកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន តែងជួយឧបត្ថម្ភសាលារៀន អគារ រួមទាំងសម្ភារៈ និងថវិកាជាច្រើន ដល់ស្ថាប័ន ឬប្រជាពលរដ្ឋ ដែលជួបនឹងការខ្វះខាត៕