(ភ្នំពេញ)៖ តាមសារព័ត៌មាន Cambodia Daily ដែលជាកាសែតមានខ្នងបង្អែក និងស្ថាបនិកជនជាតិអាមេរិក បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផលសីលធម៌ច្បាស់លាស់ ជុំវិញការទារបំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបាន ដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់លម្អិតអំពីសង្រ្គាមអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្រ្គាមនោះទេ»។
លោកស្រីថ្លែងថា «បើតាមការប៉ាន់ស្មាននេះ ប្រហែលជាដោយសារការព្រួយបារម្ភថា សហរដ្ឋអាមេរិកប្រហែលជាត្រូវសងសំណង សង្រ្គាមសម្រាប់ការ បំផ្លិចបំផ្លាញ និងខ្លាចអតីតមន្រ្តីអាមេរិកត្រូវគេប្តឹង» ហើយលោកស្រីបានបន្តថា ការទម្លាក់គ្រាប់បែកជាច្រើន បានធ្វើឡើងដោយគ្មានអ្នកដឹង ហើយភាគតិចណាស់ ដែលថាអាចមានការព្រមព្រៀងពីអាជ្ញាធរកម្ពុជា។
លោកស្រីបានថ្លែងបន្តថា «ការបន្តចាប់ឲ្យកម្ពុជាទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបំណុលចាស់ ក្នុងសង្រ្គាមគឺជាការលាក់ពុតត្បុត និងអសីលធម៌»។ ប្រសិនបើមានការសងបំណុលមែនលោកស្រី អេលីហ្សាបេត បេឃើ បានស្នើឲ្យសហរដ្ឋអាមេរិកយកប្រាក់ទាំងនោះ ទៅចែកចាយដល់សហគមន៍នានា នៅក្នុងប្រទេសកម្ពុជា ដែលជីវិតរស់នៅរបស់ពួកគាត់បានរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែក។ លោកស្រីបានបន្តថា «សហរដ្ឋអាមេរិកជំពាក់ កម្ពុជាច្រើនជាងបំណុលសង្គ្រាមឆ្ងាយណាស់ ដែលមិនអាចទូទាត់សងជាសាច់ប្រាក់បាននោះទេ»។
ពាក់ព័ន្ធនឹងបញ្ហាបំណុលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានថ្លែងបន្តស្នើក្នុងវេទិកាសាធារណៈ ដល់រដ្ឋាភិបាលអាមេរិក លោក ដូណាល់ ត្រាំ ឲ្យលុបបំណុលពីកម្ពុជា ដែលបានជំពាក់នៅសម័យរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ក្នុងទស្សវត្សរ៍៧០ ដែលអាមេរិកទម្លាក់គ្រាប់បែក ទាំងគ្រាប់បែកចង្កោម និងទាំងគ្រាប់បែកគីមី សម្លាប់ខ្មែរហើយ ទារលុយថែមទៀត។
ការថ្លែងយ៉ាងដូច្នេះ របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាមេរិកកាំងកុំទារលុយខ្មែរ ! ឥឡូវរកកាន់តែឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេ មានអាវុធគីមីទៀត។ អាមេរិកាំងអើយ...ប្រធានាធិបតី ដូណាល់ត្រាំ អើយ! យ៉ាងម៉េចទៅវាយគេហើយទារលុយ! វាយយើងហើយទារលុយយើង វាមិនយល់ កន្លែងហ្នឹង!។ ឥឡូវមានចលនា ប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានា នៅកម្ពុជាក៏គាំទ្រឲ្យលុបបំណុលនេះដែរ តែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេព្រោះគាត់ជាកូនចៅអាមេរិក»។
បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានធិបតីភាពអាមេរិកថ្មី នេះជាលើកទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវជា សាធារណៈឲ្យអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ ដោយលើកទី១ ធ្វើឡើងក្នុងពិធីបុណ្យសមុទ្រ កាលពីខែធ្នូ ឆ្នាំ២០១៦ និងលើកទី២ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ចាត់ទុកថា ជាបំណុលកខ្វក់។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេចភូមិ និងផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖