(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១៧នាក់ និងរបួសស្រាល៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៩គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៨លើក, បត់គ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ១លើក និងមិនគោរពសិទ្ធិ២លើក។

សូមបញ្ជាក់ថា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន៧០លើក បណ្ដាលឲ្យស្លាប់៣៤នាក់ របួសធ្ងន់ចំនួន៦៦នាក់ និងរងរបួសស្រាលចំនួន៣១នាក់៕