(កណ្ដាល)៖ ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មាន ជុំវិញការដោះស្រាយទំនាស់ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្នុង កម្រិតណានោះ? នាព្រឹកថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ២០១៧នេះ ខណ:ក្រុមហ៊ុនចាប់ផ្តើមដំណើរការដាំដុះ ផលស្រូវស្របតាម សជណ លេខ៨៩ របស់ទីស្តីការគណ:រដ្ឋមន្រ្តី លោក តាំង សុខឃី តំណាង ក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍បានអះអាងថា ក្រុមហ៊ុនបានដោះស្រាយផ្ទៃដីផ្តាច់ជូនប្រជាពលរដ្ឋ នៅលើផ្ទៃដីកំពុងភ្ជួររាស់នៅថ្ងៃនេះ ទំហំផ្ទៃដី៩៨០ហិកតា គឺបានសម្រប សម្រួលបញ្ចប់រួចរាល់អស់ហើយ ដោយដំណើរការអស់រយ:ពេល៩ឆ្នាំ ទៅ១០ឆ្នាំរួចហើយដែរ ។
តំណាងក្រុមហ៊ុនបាន បញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃនេះ ដែលក្រុមហ៊ុនបានចាប់ផ្តើមភ្ជួររាស់ ដោយប្រើប្រាស់ គ្រឿងចក្រគគ្រឹកគគ្រែងបែបនេះ ប្រសិនបើក្រុមហ៊ុនបានរំលោភបំពាននូវដី របស់ប្រជាពលរដ្ឋដូចការលើកឡើងរបស់ ពាក្យចរាមអារាមមួយចំនួននោះ ពិតណាស់ប្រជាពលរដ្ឋ ប្រាកដជាមិនអាចទទួលយកបាន និងនាំគ្នាមកតវ៉ាប្រឆាំងនៅ ពេលនេះជាក់ជាមិនខាន ។
លោកក៏បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនបានគោរពតាមការសន្យា តាំងដើមឡើយមកម្ល៉េះ ក្នុងការមិនរំលោភ បំពានផ្ទៃដីប្រជាពលរដ្ឋ ធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ និងសិទ្ធិរបស់ប្រជាពលរដ្ឋជាដាច់ខាត។ ប៉ុន្តែប្រសិនបើ នៅថ្ងៃខាងមុខ មានការលើកគ្នាទាមទារតវ៉ាលើផ្ទៃដី ដែលកំពុងភ្ជួររាស់របស់ក្រុមហ៊ុន បានអភិវឌ្ឍន៍រយ:ពេលជិត ១០ឆ្នាំកន្លងមកនេះ គឺពិតជាមិនមែនជាម្ចាស់ដីជាដាច់ខាត។
លោកចាត់ទុកថា ការតវ៉ានោះ ពិតជាមានការរៀប ចំឡើងរបស់ក្រុមឈ្មួញខិលខូច បានជួលមនុស្សអោយមករំខានដល់ការអភិវឌ្ឃន៍វិស័យកសិកម្មដំណាំស្រូវ ខណ:ក្រុមហ៊ុនកំពុងតែបន្តការចូលរួម តាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មដំណាំស្រូវតម្រូវទីផ្សារនាំចេញ និង ការចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ដាច់អហង្កាថា ក្រុមហ៊ុនពុំបានរំលោភ សិទ្ធិប្រជាពលរដ្ឋ និងរំលោភដីរបស់ប្រជាពលរដ្ឋសូម្បី១មីលីម៉ែត្រ តែមានឈ្មួញមួយចំនួន ទៅពីភ្នំពេញបានឃុបឃិត ជាមួយជនខិលខូច អ្នកគួកជេរដីទិញលក់ដីនៅកន្លែងផ្សេងឬទិញលក់ដី តែលើក្រដាសរួចហើយយកលេសនេះ មកចោទថាក្រុមហ៊ុនរំលោភយកដីគឺមាន ខណ:ដែលអ្នកទាំងអស់នោះគ្មានឯកសារ ដើមឬមិនទាំងស្គាល់ទីតាំងដីដែលខ្លួន អះអាងថាជារបស់ខ្លួនផងនោះ៕