(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយនឹងយុវជនកាកបាទក្រហមកម្ពុជា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ម៉ា សេរី ដែលលោក បានទទួលមរណភាព នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះដោយរោគាពាធ។
ជាមួយនឹងការចូលរួមគោរពវិញ្ញាណក្ខន្ធនេះ កាកបាទក្រហមកម្ពុជា បាននាំយកនូវសារលិខិតរំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ក្រុមគ្រួសារសព និងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចូលបុណ្យដល់ក្រុមគ្រួសារសពផងដែរ ។
ស្ថិតក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសហការី សូមសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោក ម៉ា សេរី បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕