(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយទម្ងន់គ្រាប់បែកអាមេរិកក្នុងសម័យសង្រ្គាម នៅតែឌិតដាមដោយក្តីឈឺចាប់ពេលនឹកដល់ព្រឹត្តិការណ៍ ទម្លាក់គ្រាប់បែក របស់អាមេរិក បើទោះបីរឿងរ៉ាវទុក្ខវេទនានោះកន្លងផុតជាង ៤ទសវត្សរ៍ទៅហើយក្តី។ ពលរដ្ឋរងគ្រោះដោយទម្ងន់គ្រាប់បែកអាមេរិក ក៏ចង់ឃើញសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចលើលោកមានតម្លៃជាមនុស្សទូទាត់សំណងលើភាពខូចខាត និងខ្ទេចខ្ទាំដោយទម្ងន់គ្រាប់បែក និងជួសជុលក្តីឈឺចាប់របស់ពលរដ្ឋខ្មែរដោយទម្ងន់គ្រាប់បែកទាំងនោះផងដែរ។

រយៈពេលប្រមាណ១២ឆ្នាំ ចាប់ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិក បានទម្លាក់គ្រាប់បែកដូចជាគ្រាប់បែកចង្កោម គ្រាប់បែកបេ៥២ និងគ្រាប់បែកគីមីនៅលើទីតាំងប្រមាណ ១១ម៉ឺនទីតាំង។ ទម្ងន់គ្រាប់បែកទាំងនោះមានជិត ៣លានតោន ហើយបានបណ្តាលឲ្យពលរដ្ឋខ្មែរ ប្រមាណកន្លះលាននាក់ បានស្លាប់បាត់បង់ជីវិត និងពលរដ្ឋជាច្រើនម៉ឺននាក់ទៀត បានស្លាប់ដោយសារការភៀសខ្លួន ការអត់ឃ្លៀន និងដោយជំងឺតម្កាត់ផ្សេងៗ។

សោកនាដកម្មទាំងអស់នេះ បើទោះបីជាបានកន្លងផុតទៅរយៈពេលជាង ៤០ឆ្នាំទៅហើយក្តី តែស្លាកស្នាមនៃទុក្ខវេទនា និងការឈឺចាប់ទាំងអស់មិនបាន រលត់ទៅតាមពេលវេលានោះឡើយ ហើយវានៅតែឌិតដាមជាប់ជានិច្ចក្នុងបេះដូងពលរដ្ឋខ្មែរ។ លោក ហួង ធៀមទៀង ពលរដ្ឋខ្មែរមួយរូបរស់នៅក្នុង សង្កាត់អាចារ្យលក្ខណ៍ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ខេត្តកំពង់ធំមិនខុសពីបណ្តាខេត្តដទៃក្នុង ប្រទេសកម្ពុជានោះឡើយ ក្នុងអំឡុងពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៥ គឺបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយទម្ងន់គ្រាប់បែករបស់អាមេរិក។

លោកតា ហួង ធៀមទៀង មានអាយុប្រមាណ៦៥ឆ្នាំ បានឲ្យដឹងថា អំឡុងពេលអាមេរិកទម្លាក់គ្រាប់បែកនោះ គឺមហាសែនវេទនា ពោលការរស់នៅប្រចាំថ្ងៃ ត្រូវរត់ចូលរណ្តៅត្រង់សេ ដើម្បីគេចពីគ្រាប់បែកអាមេរិកស្ទើររាល់ថ្ងៃ។ ពេលខ្លះទៀត ពេលរត់ចូលក្នុងរណ្តៅត្រង់សេត្រូវជួបសត្វពស់ក៏មាន។

បើតាមលោកតា ហួង ធៀមទៀង ការទម្លាក់គ្រាប់បែកអាមេរិកមិនរើសថា ជាទីតាំងរបស់ប្រជាពលរដ្ឋ ឬទីតាំងរបស់ទាហានគូបដិបក្ខរបស់ពួកគេនោះទេ គឺទម្លាក់គ្រប់ទីតាំងទាំងអស់។ លោក ហួង ធៀមទៀង បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅពេលនោះមិនហ៊ានដាំ បាយឲ្យមានផ្សែង ឬ អុជភ្លើងបំភ្លឺក្នុងផ្ទះនោះទេ សូម្បីតែពេលហូបបាយ ក៏មិនហ៊ានអុជភ្លើងបំភ្លឺដែរ ព្រោះខ្លាចយន្តហោះរបស់អាមេរិក។

ពលរដ្ឋខ្មែរ ដែលក្នុងអំឡុងពេលអាមេរិកទម្លាក់គ្រាប់បែកមានអាយុប្រមាណ១៨ឆ្នាំរូបនេះ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់អាមេរិកឲ្យតែឃើញភ្លើងភ្លឺ ឬ ផ្សែង អាមេរិកប្រាកដជាទម្លាក់គ្រាប់បែក ព្រោះតែហេតុនេះហើយទើបប្រជាពលរដ្ឋមិនសូវអុជភ្លើងនៅយប់នោះឡើយ។

លោកតា ហួង ធៀមទៀង ថា ភាពភ័យខ្លាច និងតក់ស្លុត ដោយសារទម្ងន់គ្រាប់បែកអាមេរិកនៅតែដាក់ជាប់ក្នុងអារម្មណ៍របស់ពួកគាត់មកដល់បច្ចុប្បន្ន ពោលឲ្យតែឮសំឡេងយន្តហោះតែងនឹកភ្នកទៅដល់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកជានិច្ច។ លោកតា ហួង ធៀមទៀង ចង់ឃើញអាមេរិកទូទាត់សំណង សម្រាប់ថ្លៃខូចខាតលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ហើយត្រូវចូលរួមដោះយកគ្រាប់បែក របស់ខ្លួនចេញពីផ្ទៃដីកម្ពុជា ហើយក៏តែផ្តល់ជំនួយ អភិវឌ្ឍន៍កម្ពុជាឲ្យបានច្រើន ដើម្បីផ្សះផ្សាការឈឺចាប់របស់ ពលរដ្ឋខ្មែរផងដែរ។

លោក ហួង ធៀមទៀង បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិក មិនព្រមសងថ្លៃខូចខាត ក៏ដូចជាជួសជុលការឈឺចាប់របស់ប្រជាពលរដ្ឋទេ ពលរដ្ឋកម្ពុជានៅតែ បន្តចងកំហឹងជាមួយសហរដ្ឋអាមេរិក។ កំហឹងទាំងនេះមិនរលត់ឡើយ បើទោះបីពួកគេស្លាប់បាត់បង់ជីវិតក៏ដោយនោះ៕

សូមស្តាប់កិច្ចសម្ភាសន៍ជាមួយលោកតា ហួង ធៀមទៀង និយាយអំពីការទម្លាក់គ្រាប់បែករបស់អាមេរិក៖