(ភ្នំពេញ)៖ បណ្តឹងចំនួន២៤ ដែលប្តឹងដោយមន្រ្តីគណបក្សសង្គ្រោះជាតិ ឱ្យលុបឈ្មោះអ្នកបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញលើកយកមកប្រជុំដោះស្រាយនៅថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០១៧នេះ ជាលទ្ធផលស្ថាប័នជាន់ខ្ពស់របស់ជាតិមួយនោះ បានសម្រេចច្រានចោលបណ្តឹងទាំងនោះ និងមិនទទួលចំនួន ៨ពាក្យបណ្ដឹង ដោយមូលហេតុខុសទម្រង់ច្បាប់ ។
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលមាន លោក អ៉ឹម ឈុនលឹម ជាប្រធាននោះបានលើកយកបណ្តឹងឲ្យ លុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីឈ្មោះឆ្នោតថ្មី ប្តឹងដោយគណបក្សសង្រ្គោះជាតិចំនួន ២៤បណ្តឹង មកពិភាក្សានិងដោះស្រាយ។ ក្នុងបណ្តឹងទាំង ២៤នេះ សុទ្ធតែត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញច្រានចោល។
ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បណ្ដឹងរបស់លោក ផេង កៅ លោក សុខ ខេមរៈ លោក ស័ក្ដ សុភារុន លោក យឹម សារី លោក តូ ស៊ីសាបុត្រ លោក ប្រាក់ ជីន លោក គូ ស៊ី សាបុត្រ ដែលជាតំណាងរបស់គណបក្សសង្គ្រោះជាតិ និងលោកមេធាវី ផែង ហេង ទាមទារលុបឈ្មោះជនបរទេស ដែលអះអាងថាជាវៀតណាម ពុំមានឯកសារឬភស្ដុតាងណាមួយដែលអាច
ឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននោះឡើយ។
លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា សេចក្ដីសម្រេចនេះ ជាសេចក្ដីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា និងមានអនុភាព ទៅលើអំណាច ទាំងអស់ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវការដោះស្រាយបណ្ដឹងរបស់គណបក្សសង្ក្រោះជាតិ ឲ្យលុបឈ្មោះជនបរទេស មួយចំនួន ចេញពីបញ្ជីឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ មកដល់ត្រឹមថ្ងៃទី០៩ ខែកុម្ភៈនេះបណ្ដឹងចំនួន ១១៣បណ្ដឹងហើយ ត្រូវបានដោះស្រាយ៕