(ភ្នំពេញ)៖ ស្ត្រីម្នាក់បើករថយន្តម៉ាកតូយ៉ូតា បុកម៉ូតូកង់បីពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រី ៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះផងដែរ ហើយរថយន្តនោះ ក៏បានជ្រុលទៅបុកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត ខ្ទេចមួយកំណាត់មុខ តែសំណាងល្អអ្នកបើកអត់របួស។
ហេតុការណ៍ខាងលើ បានកើតនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលា តាមបណ្តោយផ្លួវលំ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តបង្កមានឈ្មោះ ចាយ ភា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្សារអូឫស្សី ចំណែកម្ចាស់ម៉ូតូកង់បី មានឈ្មោះ សយ សុធី អាយុ៣២ឆ្នាំ ចំណែកជនរងគ្រោះ ឈ្មោះ យាន់ យេន អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ឌួង ម៉ារីណែត អាយុ២៥ឆ្នាំ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីមួយគ្រឿង ដឹកភ្ញៀវ២នាក់ប្តីប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ពណ៌ស ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើង ចំណែកអ្នកជិះរងរបួសធ្ងន់ស្រាល ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទះជួសជុលម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ត និងម៉ូតូកង់បីត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំការស្រាយនៅពេលក្រោយ៕