(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងជាប្រធានគណៈកម្មាធិការទទួលការងារព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលការងារព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដើម្បីប្រជុំបូកសរុបលទ្ធផលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងពិភាក្សាលើយន្ដការសំខាន់មួយចំនួនទៀត នៅទីស្ដីការក្រសួង។
លោកម៉ម ប៊ុនហេង ថ្លែងថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រជុំបូកសរុបលទ្ធផលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧, លើកពិភាក្សាលើយន្ដការសម្របសម្រួល និងការងារបញ្ជូនអ្នកញៀនគ្រឿងញៀន, ពិភាក្សាលើនីតិវិធីព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ដែលបានមកទទួលសេវាសុខាភិបាល និងមណ្ឌលបណ្ដោះអាសន្ន រួមទាំងពិភាក្សាលើចំនុចផ្សេងៗទៀត ដើម្បីដំណើរការថែទាំ អប់រំ គ្រឿងញៀនកាន់ប្រសើរបន្ថែមទៀត ។
លោកបន្ដថា «ការងារចម្បងចំនួន២ចំនុច ដែលយើងត្រូវលើកមកពិភាក្សា នៅថ្ងៃនេះបន្ថែមទៀត គឺការងារដែលយើងត្រូវព្យាបាលអ្នកញៀនគ្រឿងញៀន នៅមណ្ឌលបន្សាបគ្រឿងញៀន និងការងារយើងត្រូវធ្វើជាមួយនឹងគ្រួសាររបស់អ្នកញៀនគ្រឿងញៀនផ្ទាល់ ដែលយើងហៅថាការងារសហគមន៍នោះ ដើម្បីឲ្យអាណាព្យាបាល បញ្ជូនកូនទៅទទួលយកសេវាថែមទាំរដ្ឋ ឬឯកជន ដែលស្ថិតនៅតាមបណ្ដាមូលដ្ឋានណាមួយ ពិេសសយើងសហការគ្នា គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងម៉េចយកសេវាកម្មថែទាំព្យាបាលនេះ ខិតជិតប្រជាពលរដ្ឋ តាមដែរអាចធ្វើបាន» ។
លោកបន្ថែម ដូច្នេះគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ នៅតាមខេត្ដ ធ្វើយ៉ាងណាបង្កើតកន្លែងសម្រាប់ពិនិត្យ និងព្យាបាលបន្សាបគ្រឿងញៀន នៅតាមខេត្ដរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការព្យាបាលដល់អ្នកញៀនគ្រឿងបានកាន់តែប្រសើរ ហើយបើតាមការសង្កេតកន្លងមក ពួកគាត់ដែលទទួលបានការបន្សាបគ្រឿងញៀន ភាគច្រើន គាត់មានការងារធ្វើខ្លួនឯងអស់ហើយដែរ។
រដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា សម្រាប់ក្រសួងសុខាភិបាល យើងនឹងខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធថែទាំ និងឧបករណ៍ ដើម្បីព្យាបាល អ្នកញៀនគ្រឿងញៀន ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយមកទល់នឹងពេលនេះ ទីកន្លែងសម្រាប់បន្សាបគ្រឿងញៀន មានចំនួន១៧៧ ទូទាំងប្រទេសទាំងមណ្ឌលសុខាភាព និងមន្ទីរពេទ្យផងដែរ៕