(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យមន្រ្តីនគរបាលទាំងអស់ ត្រូវរឹតបន្ដឹងការពាក់មួកសុវត្ថិភាព នៅក្នុងពេលបើកបរ របស់ប្រជាពលរដ្ឋ។ ការដាក់ចេញវិធានការរឹតបន្ដឹង ការពាក់មួកសុវត្ថិភាព នេះបានធ្វើឡើងបន្ទាប់ពីអគ្គស្នងការពិនិត្យឃើញថា អត្រាស្លាប់របស់អ្នកបើកបរ ដោយគ្រោះថ្នាក់ចរាចរណ៍មិនពាក់មួកសុវត្ថិភាព នៅតែមានកម្រិតខ្ពស់ ។
តាមរយៈលិខិតផ្ញើជូនស្នងការនគរបាលទាំង២៥រាជធានីខេត្ត នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានគួសបញ្ជាក់ថា ទោះបីកងកម្លាំងនគរបាលចរាចរផ្លូវគោក ខិតខំផ្សព្វផ្សាយអប់រំ និងរឹតបន្តឹងអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកពេញមួយឆ្នាំ២០១៦ក្តី ប៉ុន្តែនៅតែមានអ្នកបើកបរទោចក្រយានយន្ត និងអ្នកបើកបរត្រី ចក្រយានយន្ត មួយចំនួនមិនពាក់មួកសុវត្ថិភាព ហើយក្នុងចំណោមនោះ បានបាត់បង់ជីវិត ឬ ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការប៉ះទង្គិចក្បាល។
ដើម្បីអនុវត្តផែនការរឹតបន្ដឹង ការពាក់មួកសុវត្ថិភាពពេលបើកបរនេះ នាយឧត្តមសេនីយ៍ នេត សារឿន បានដាក់ចេញនូវគោលការណ៍ចំនួន៣ចំណុចរួមមាន៖
ទី១៖ នៅគ្រប់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសនៅថ្នាក់អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ត្រូវជំរុញការត្រួតពិនិត្យចល័ត និងអចល័តឲ្យបានម៉ឺងម៉ាត់ជាប្រចាំ ចំពោះអ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្តដែលមិនពាក់មួកសុវត្ថិភាព ដោយធ្វើការពិន័យអន្តរការណ៍តាមច្បាប់ និងថែមទាំងតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យធ្វើដំណើរបាន។
ទី២៖ ទន្ទឹម នឹងការត្រួតពិនិត្យរឹងបន្ដឹងតាមដងផ្លូវ ត្រូវជំរុញវិធានការផ្សព្វផ្សាយអប់រំតាមប្រព័ន្ធផ្សព្វផ្សាយនានាតាម គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស សហគមន៍ ស្ថាប័ននានា និងតាមវេទិកាសាធារណៈ អំពីហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព និងអំពាវនាវឲ្យមានការចូលរួម ជំរុញការពាក់មួកសុវត្ថិភាព គ្រប់គ្នាក្នុងពេលធ្វើដំណើរ តាមទោចក្រយានយន្ត និងពេលបើកបរត្រីចក្រយានយន្ត
ទី៣៖ ត្រូវរាយការណ៍មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាធ្នាប់សាធារណៈ ) អំពីលទ្ធផលប្រតិបត្តិការប្រចាំថ្ងៃដើម្បីធ្វើការបូកសរុប និងវាយតម្លៃ ៕