(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដាក់អនុសាសន៍ ៥ចំណុច ដល់សិស្សនាយនគរបាល-នាយនគរបាលរង។
អនុសាសន៍ទាំង៥ចំណុចនោះ រួមមាន៖ ទី១.គោរពឲ្យបានដាច់ខាតរាល់បទប្បញ្ញត្តិនានា ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង, ទី២.យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង, ទី៣.មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន, ទី៤.ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឲ្យចេះមិនមែនរៀនឲ្យចប់», «គុណភាពមិនអាចសម្របសម្រួលបានឡើយ», និងទី៥.ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន។
ឧត្តមសេនីយ៍ឯក ឯក មនោសែន បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដល់នគរបាលចំនួន ៣៨១នាក់ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កែប តាកែវ និងខេត្តកំពត។
ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីពិនិត្យលើដំណើរការបណ្តុះបណ្តាល ប្រៀបធៀបជាមួយកម្មវិធីបណ្តុះបណ្តាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ពីសុខទុក្ខទទួលសំណូមពរ និងលើកទឹកចិត្តឲ្យប្អូនៗប្រឹងប្រែងរៀនសូត្រ ក្នុងន័យជំរុញឲ្យមានការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អ ទទួលបានមន្រ្តីនគរបាលជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យល់ដឹង ពីវិជ្ជាជីវៈនគរបាលកម្រិតបឋមមានចំណេះដឹង មានការប្រតិបត្តិច្បាប់ គោរពវិន័យ និងក្រមសីលធម៌ និងគោរពសិទ្ធមនុស្សមុននឹងត្រូវបានតែងតាំង ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា។
បន្ថែមលើសពីនេះ លោកឧត្តមសេនីយ៍ឯក ឯក មនោរម្យ បាននាំយកសម្ភារៈមួយចំនួនទៅបំពាក់ក្នុងសាលាភូមិភាគ៣ ខេត្តកំពង់ស្ពឺ មានដូចជា ព្រីនធើរ១ឈុត ឧបករណ៍បំណងសម្លេង១ឈុត និងកុំព្យួទ័រយួរដៃ១គ្រឿង ដើម្បីជួយសម្រួលដល់ការងារបណ្ដុះបណ្ដាលផងដែរ៕