(ភ្នំពេញ)៖ ក្នុងឱកាសជួបជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ចំនួន២៦ក្រុមហ៊ុនមកពីប្រទេសជប៉ុន ដែលដឹកនាំដោយលោក កៃអ៊ិឈី យ៉ាម៉ាដា នាយកគ្រប់គ្រងទូទៅនៃការិយាល័យអន្ដរជាតិ នៃធនាគារអូអ៊ីតា នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ប្រាប់ភាគីជប៉ុនថា កម្ពុជាមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រាន់ និងសន្តិសុខពេញលេញក្នុងប្រទេស ដែលអនុគ្រោះដល់ការវិនិយោគទុនធំៗ។
ការជម្រាបប្រាប់ដល់គណៈប្រតិភូធុរកិច្ចជប៉ុន ដូចខាងលើនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៃវិមានរដ្ឋាភិបាលកម្ពុជា។
លោក សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូធុរកិច្ចជប៉ុន «ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដែលកម្ពុជាមាន ដោយបានលើកឡើងពីភាពអំណោយផល នៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេស» ដែលកត្តាទាំងនេះ បានធ្វើឱ្យកម្ពុជាស្ថិតនៅលើគន្លង នៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងអត្រាកំណើនជាមធ្យម ៧.៧ភាគរយ ក្នុងរយៈពេល២ទសវត្សរ៍ និងត្រូវបានទទួលស្គាល់ ជាប្រទេសមួយ ក្នុងចំណោមប្រទេសឯតទគ្គករកំណើនទាំង៨ ក្នុងពិភពលោកដែលមានកំណើនរឹងមាំ។
លោករដ្ឋមន្ដ្រីប្រតិភូ ក៏បានជម្រាបពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាមគ្គទេសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងនូវឧត្តមភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។
បន្ថែមលើនេះ កម្ពុជាមានភាពសំបូរបែប និងវ័យក្មេងនៃកម្លាំងពលកម្ម ហើយកម្លាំងពលកម្មនេះត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអំឡុងពេល ២ទៅ៣ទសវត្សរ៍ ទៅមុខទៀត។ ទំនិញផលិតនៅកម្ពុជាបានទទួល នូវប្រព្រឹត្តកម្មអនុគ្រោះក្រោមរបប «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» គឺពន្ធសូន្យដោយគ្មានកំណត់បរិមាណពីសហភាពអឺរ៉ុប និងការបង់ពន្ធនាំចូលតាមអត្រាទាបចូលទីផ្សារធំៗដទៃទៀត។ ក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ទំនិញផលិតនៅកម្ពុជា នឹងអាចនាំចូលគ្រប់ទីផ្សារប្រទេសសមាជិកអាស៊ានដោយពុំជាប់ពន្ធនាំចូល។
លោក កៃអ៊ិឈី យ៉ាម៉ាដា បានអបអរសាទរចំពោះរាជរដ្ឋាភិបាលក្នុងគ្រប់គ្រង និងដឹកនាំប្រទេសដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងមានកំណើនយ៉ាងខ្លាំង។ គណៈប្រតិភូក៏បានចែករំលែក នូវព័ត៌មានពីការពេញចិត្ត នឹងសកម្មភាពធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនជប៉ុន ដែលបានមកបណ្តាក់ទុនវិនិយោគ នាពេលកន្លងមកផងដែរ ហើយដែលព័ត៌មាននេះ ត្រូវបានទទួលតាមរយៈការចុះទៅបំពេញទស្សនកិច្ចដោយផ្ទាល់ជាមួយ ក្រុមហ៊ុនជប៉ុនដែលកំពុងមានសកម្មភាព នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងនៅរាជធានីភ្នំពេញ។
យោងតាមតួលេខ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០១៦ មានទុនវិនិយោគសរុបប្រមាណ ៨២២លានដុល្លារ ស្មើនឹង ២២.៧៨ភាគរយ នៃទុនវិនិយោគសរុប ដែលធ្វើឱ្យជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសវិនិយោគនៅកម្ពុជា៕
សូមជម្រាបថា ទីក្រុងអូអ៊ីតា (Oita) មានភូមិសាស្ដ្រស្ថិតនៅលើកោះឃ្យូស៊ូ (Kyushu) នៃប្រទេសជប៉ុន ហើយជាទីក្រុងមានភាពល្បីល្បាញ ដោយសារតំបន់ទឹកពុះធម្មជាតិ។ ក្រៅពីសក្ដានុពលទេសចរណ៍ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលកន្សោមឧស្សាហកម្មតំបន់ឆ្នេរ នៃប្រទេសជប៉ុនផងដែរ។ លើសពីនេះ ទីក្រុងអូអ៊ីតា គឺជាកន្លែងផ្ដួចផ្ដើមចលនាភូមិ១ ផលិតផល១ (One Village One Product Movement) ដែលមានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក៕