(ភ្នំពេញ)៖ ធនាគារ កសិកន (Kasikornbank) ហៅកាត់ថា KBank នៅថ្ងៃទី០៨​ ខែកុម្ភៈ​ឆ្នាំ២០១៧នេះ បានបើកសម្ពោធជាផ្លូវការហើយ លើទីផ្សារកម្ពុជា ​ដើម្បីជួយសម្រួលដល់វិនិយោគិនថៃ និងកម្ពុជាតាមរយៈការផ្តល់សេវាកម្ចី សេវាប្រតិបត្តិការឆ្លងប្រទេស​និងការប្រឹក្សាអាជីវកម្ម ឲ្យកាន់តែរលូនបន្ថែមទៀត ចាប់ពីឆ្នាំ២០១៧នេះ។

អគ្គនាយកធនាគារ KBank លោក Predee Daochai បានថ្លែងថា ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចខ្ពស់​និងមានសមត្ថភាព​ក្នុងការផលិតទំនិញ​ដែលបានផ្ដល់ការងារ ដល់ប្រជាជនជាច្រើននាក់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាងកាន់តែប្រសើរ និងមានតម្រូវការទីផ្សារខ្ពស់ ដូច្នេះធនាគារ KBand បានសម្រេចចិត្ដបោះទុនវិនិយោគ ចំនួន៥០លានដុល្លារ និងគ្រោងផ្ដល់ប្រាក់កម្ចី១.៥លានបាតនៅកម្ពុជា។

លោកបន្ដថា «ការបោះទុនវិនិយោគ ជាមួយនឹងប្រាក់កម្ចីរបស់ធនាគារកសិកននេះ​នឹងផ្ដល់ភាពងាយស្រួល ជូនដល់អតិថិជនទាំងអស់នៅកម្ពុជា សម្រាប់ធ្វើការ វិនិយោគលើអាជីវកម្មរបស់ខ្លួន ឲ្យបានកាន់តែប្រសើរបន្ថែមទៀត​ហើយសម្រាប់ប្រជាជនទូទៅនៅទីនេះ ក៏អាចមកកម្ចីប្រាក់នៅធនាគាររបស់យើងបានយ៉ាងងាយស្រួល ជាមួយនឹងកញ្ចប់សេវាកម្មយ៉ាងឆាប់រហ័សរបស់ធនាគារយើង»។

លោកបន្ថែមថា ធនាគារកសិកននេះ «យើងបានបើកដំណើរតាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មកម្ល៉េះ តែយើងបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្នុងគោលដៅសំខាន់ជាច្រើន ក្រៅពីផ្ដល់ប្រាក់កម្ចីជូនប្រជាជនកម្ពុជា គឺយើងជួយសម្រួលដល់ពាណិជ្ជករថៃ នៅក្នុងផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម កំណែនមូលនិធិ​សម្រាប់ការវិនិយោគ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្នែកឧហ្សាហកម្មសម្លៀកបំពាក់​អាហារកំប៉ុង ការទូទាត់ គឺគិតជាប្រាក់បាតថៃ និងប្រាក់រៀលកម្ពុជា​សម្រាប់សកម្មភាព​ពាណិជ្ជកម្មទ្វេភាគីនានា ព្រមទាំងការផ្តល់សេវាកម្មប្រតិបត្តិការ រួមនឹងការផ្តល់ប្រឹក្សាអាជីវកម្ម ជូនវិនិយោគិនថៃនៅកម្ពុជា ដែលភាគច្រើនចូលរួមនៅក្នុងពាណិជ្ជកម្ម​សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងឧហ្សាហកម្មផងដែរ ពិសេសនោះ ធនាគារកសិកន ចង់ផ្សារភ្ជាប់ប្រទេសថៃ​ជាមួយសហគមន៍​សេដ្ឋកិច្ចអាស៊ានបូក ៣»

លោកបន្ថែម​ទៀតថា​ចំណុចពិសេសនោះ ធនាគារ កសិខន គឺជាធនាគារថៃដំបូងគេ​ដែលបានសហការជាដៃគូ ជាមួយធនាគារឯកទេស Wing –ជាក្រុម​ហ៊ុនផ្តល់នូវសេវាកម្មផ្ទេរប្រាក់ឈានមុខនៅកម្ពុជា ដែលកិច្ចសហការនេះ​អនុញ្ញាតឱ្យមានការផ្ទេរប្រាក់ ពីប្រទេសថៃ ទៅកាន់អ្នកទទួលនៅកម្ពុជា​តាមរយៈ​សេវាផ្ទេរប្រាក់ចល័ត K-Mobile Banking និងបណ្តាញ​វីងរួមនឹងសេវាប្រឹក្សាពាណិជ្ជកម្ម​និងវិនិយោគ​សម្រាប់ពាណិជ្ជករថៃ​ដែលមានចំណាប់អារម្មណ៍​វិនិយោគ​នៅប្រទេសកម្ពុជា​។​

លោកPredee បញ្ជាក់ទៀតថា ការផ្តល់សេវាកម្មពេញលេញ ត្រូវបានចាប់ផ្តើម​នៅក្នុងប្រទេស​ការដែលបង្កើតនូវធនាគារនេះ នៅកម្ពុជា ដើម្បីដាក់ទុនបង្កើនសក្តានុពល របស់ធនាគារ KBank កាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ជាមួយនឹងបណ្ដាប្រទេសក្នុងសហគមអាស៊ាន រួមទាំងដើម្បីពង្រីកឥណទាន បង្កើតប្រតិបត្តិការ​ថ្មីៗសេវាកម្មទូទាត់ទឹកប្រាក់ ជាមួយរូបិយប័ណ្ណក្នុងស្រុកទូទាំងប្រទេសអាស៊ាន​ក៏ដូចជាបង្កើតភាពជាអ្នកដឹកនាំ​ផ្នែកសេវាកម្ម​ធនាគារ​ឌីជីថល​ដោយមាន​គោលដៅ​ផ្តល់ជូនសេវាកម្មល្អឥតខ្ចោះជូនដល់អតិថិជននៅកម្ពុជា​ទាំងអតិថិជនសាជីវកម្មគ្រប់ប្រភេទផងដែរ​។

គួររម្លឹកថា ធនាគារកសិខននេះ ដែលស្នាក់ការធំនៅប្រទេសថៃ និងមានសាខាជាច្រើនទៀត នៅតាមបណ្ដាប្រទេសជិិតខាង ដូចជាប្រទេសឡាវ កម្ពុជា ហើយ នៅថ្ងៃអនាគតធនាគារមួយនេះ នឹងពង្រីកសក្ដានុពលរបស់ខ្លួនកាន់ប្រសើរបន្ថែមទៀត តាមរយៈពង្រីកសាខា និងកញ្ចប់សេវាកម្មយ៉ាងឆាប់រហ័សរបស់ខ្លួន នៅតាមបណ្ដាប្រទេសល្បីៗលើពិភពលោក៕