(ភ្នំពេញ)៖ ពាក្យសម្តីរបស់មេគណបក្សប្រឆាំង ដែលបានពោលថា «មិនយកខ្មែរណាជាសត្រូវ» មិនអាចធ្វើឱ្យ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ជឿទុកចិត្តបានទេ។ លោកចាត់ទុកថា ការលើកឡើងរបស់មេបក្សប្រឆាំងបែបនេះ មានឧបាយកលពិសពុល ដោយសារតែមេគណបក្សនេះ មានជំហរមិនច្បាស់លាស់ ម្តងបាតដៃម្តងខ្នងដៃ។
ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបែបនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួន ទៅក្រៅប្រទេស បានរំឭកសារនយោបាយ «មិនយកខ្មែរណាជាសត្រូវ» បន្ទាប់ពីលោកព្រមានប្ដឹងសម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះតាមហ្វេសប៊ុក (Facebook) នៅថ្ងៃទី៨ ខែកុម្ភៈ ម្សិលមិញនេះថា «យើងត្រូវចេះរស់នៅជាមួយគ្នា»។ ខាងក្រោមពាក្យមួយឃ្លានេះ ជាវីដេអូដែលមានរូបលោក និង សម្តេចតេជោ ហ៊ុន សែន អង្គុយជាមួយគ្នា ខណៈជួបពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។
លោក សុខ ឥសាន បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា «ការនិយាយរបស់មេដឹកនាំគណបក្សប្រឆាំង មិនទៀងទាត់ បាតដៃខ្នងដៃ ខ្វះការទទួលខុសត្រូវ ហើយមិនចេះ ខ្មាស់គេទៀតមុខក្រាស់រកអ្វីប្រៀបគ្មាន រកអ្នកណាមកប្រៀបគ្មាន ដែលមិនអាចឲ្យគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទៅ មិនអាចជឿទុកចិត្ត បានជាដាច់ខាត។ នេះជានយោបាយក្រទ្បិចក្រទ្បុច ដែលមិនកែប្រែរបស់មេដឹកនាំបក្សប្រឆាំង ហើយបានក្លាយទៅជាវប្បធ៌មរបស់គណបក្សប្រឆាំងទៅហើយ»។
លោកបានបន្ថែមថា «មេដឹកនាំគណបក្សប្រឆាំង តែងចាត់ទុកប្រជាពលរដ្ឋ ដែលមិនមែនជាសមាជិកខ្លួន ឬសមាជិកខ្លួនឯងតែមិនគាំទ្រជំហរខ្លួនថា ជាជនជាតិដទៃ ជាពិសេស គឺជនជាតិយួនតែម្តង ជាជនក្បត់ជាតិ ក្បត់បក្សជាមនុស្សក្បាលយួនខ្លួនខ្មែរ ខ្ញុំកញ្ជះយួនធ្វើការ ដើម្បីយួន ជាអាយ៉ងយួន...ការចោទទាំងអស់នេះ សុទ្ធតែជារឿងមិនពិត ជារឿងមួលបង្កាច់ បំភ្លៃការពិត ដើម្បីភូតកុហកប្រជាជន កេងចំណេញយកការភូតកុហក់របស់ខ្លួនធ្វើជាគុណសម្បត្តិរបស់ខ្លួន ក្នុងមហិច្ឆតាចង់បានអំណាច។ នេះជា ឧបាយកលពិសពុល របស់មេដឹកនាំបក្សប្រឆាំង ដើម្បីបិទបាំងឧបាយកលពិសពុលនេះ គេពាក្យសំដីល្អ សុទ្ធតែស្រទ្បាញ់ជាតិ ស្រទ្បាញ់ប្រជាជន និងចង់បាន ការបង្រួបបង្រួមជាតិ មិនយកខ្មែរណាធ្វើជាសត្រូវ»។
សារនយោបាយរបស់ លោក សម រង្ស៊ី ដែលមិនយកខ្មែរណាជាសត្រូវ កាលពីម្សិលមិញបានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់សាធារណជន និងអ្នកនយោបាយ។ មុនបញ្ចេញសារនេះ លោក សម រង្ស៊ី បានធ្វើការវាយប្រហារជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គម Facebook ទៅលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូចជាចោទ សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន សម្លាប់មនុស្សក្នុងផែនការ «ក៥» ចោទសម្តេចតេជោ ហ៊ុន សែន ថាជាជនផ្តាច់ការ ឬ ចោទថា សម្តេចតេជោ ផ្តល់លុយឱ្យកញ្ញា ធី សុវណ្ណថា ធ្វើសកម្មភាពខ្លួនជាដើម៕