(ភ្នំពេញ)៖ អង្គភាពគាំពារជនរងគ្រោះ នៃសាលាក្តីខ្មែរក្រហម នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំវេទិកាស្តីពី ការវិវឌ្ឍនីតិវិធី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសំណង ក្នុងសំណុំរឿង០០២/០២ នៅទីរួមខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីសាលាក្តី និងដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង ០០២ ជាង១៥០រូប។
ក្រុមមន្ត្រីជំនាញមកពីសាលាក្តីខ្មែរក្រហម និងអង្គការដៃគូជាច្រើនបានធ្វើបទបង្ហាញផ្សេងៗ ដើម្បីផ្តល់ព័ត៌មានថ្មីៗ ទាក់ទងនឹងការជំនុំជម្រះក្តី លើឧក្រិដ្ឋកម្មដែលបានកើតឡើង នៅក្នុងរបបខ្មែរក្រហម ក៏ដូចជាការបង្ហាញពីគម្រោងសំណង ដែលគ្រោងនឹងស្នើសុំ សម្រាប់សំណុំរឿង ០០២/០២។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា វេទិកានេះពិតជាមានសារៈសំខាន់ សម្រាប់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីជួបជាមួយមន្ត្រីសាលាក្តី ដើម្បីទទួលបានព័ត៌មានថ្មីៗ នៃការជំនុំជម្រះក្តី និងជួបជាមួយមេធាវីការពារក្តីរបស់ពួកគាត់ ដើម្បីពិនិត្យលើការវិវឌ្ឍនៃសំណុំរឿង ក៏ដូចជាលើកឡើងពីគម្រោងសំណង ដែលដើមបណ្តឹងគ្រោងស្នើសុំ សម្រាប់សំណុំរឿង ០០២/០២។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា គម្រោងសំណងសំណុំរឿង០០២/០២ នេះមានចំនួន២៣គម្រោង ផ្តោតលើការចងចាំ និងការអប់រំ ការស្តារនីតិសម្បទា និងការរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ។ គម្រោងសំណងនេះផងដែរ នឹងត្រូវដាក់ជូន អង្គជំនុំជម្រះសាលាដំបូងពិនិត្យ និងសម្រេចថាតើគម្រោងណាមួយ ដែលសមស្របសម្រេចផ្តល់ជូនក្នុងករណី ប្រសិនបើអង្គជំនុំរកឃើញថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។
លោកបញ្ជាក់ថា គម្រោងសំណងទាំងនេះ នឹងត្រូវចំណាយថវិកាប្រមាណ ជាង៦លានដុល្លារ ហើយបច្ចុប្បន្ន អង្គភាពគាំពារជនរងគ្រោះ និងសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី រួមនឹងអង្គការដៃគូបាននិងកំពុងកៀងគរ ជំនួយហិរញ្ញវត្ថុ ដើម្បីអាចអនុវត្តគម្រោងទាំងនេះបាន។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា នៅក្នុងវិធានផ្ទៃក្នុងនៃសាលាក្តីខ្មែរក្រហម គម្រោងសំណងទាំងឡាយដែលអង្គជំនុំ ជម្រះអាចសម្រេចប្រគល់ជូនបាន ទាល់តែគម្រោងសំណងទាំងនោះ អាចអនុវត្តបាន និងមានលទ្ធភាពអនុវត្តបាន។
លោក នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ថា សំណងដែលសាលាក្តីខ្មែរក្រហម ផ្តល់ជូនជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណី មានពីរប្រភេទ គឺសំណងផ្លូវចិត្ត និងសំណងសមូហភាព។ សាលាក្តីខ្មែរក្រហមមិនផ្តល់សំណងបុគ្គលណាឡើយ៕