(សៀមរាប)៖ អ្នកជំនាញបេតិកភណ្ឌវប្បធម៌មកពីប្រទេសទាំង៥ មានកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញជប៉ុន និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ លើកិច្ចការអភិរក្សមរតកបេតិកភណ្ឌ តាមរយៈការរៀនសូត្រទ្រឹស្តី និងការចុះអនុវត្តនៅលើទីតាំងផ្ទាល់។
ការពិភាក្សានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសាកលវិទ្យាសូហ្វីយ៉ា។
លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កិច្ចពិភាក្សាបានគាំទ្រនូវសកម្មភាពរបស់សាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានរួមចំណែកក្នុងកិច្ចអភិរក្ស ជួសជុលប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន។
លោកក៏បានជម្រាបជូនសិក្ខាកាមអំពីតួនាទីអាជ្ញាធរជាតិអប្សរា ដែលផ្តោតសំខាន់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អង្គរ។ លោកសង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹង បទបទពិសោធន៍ល្អៗបន្ថែមទៀតពីកម្ពុជា ដើម្បីយកទៅអនុវត្តឲ្យបានជោគជ័យ នៅតាមបណ្តាប្រទេសរៀងៗខ្លួន ប្រកបដោយជំនាញ។
អ្នកជំនាញបេតិកភណ្ឌ មកពីប្រទេសមីយ៉ាន់ម៉ា លោក Aung Zaw Min បានកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានធ្វើការងារគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ប្រកបដោយភាពជោគជ័យ។
លោក Aung Zaw Min ក៏បានស្នើសុំឯកសារពាក់ព័ន្ធមួយចំនួន ក្នុងការរៀបចំតំបន់ការពារឧទ្យានអង្គរ ដើម្បីធ្វើជាគំរូសម្រាប់រៀបចំ តំបន់រមណីយដ្ឋានបេតិកភណ្ឌមួយចំនួន នៅប្រទេសរបស់លោក។ ជាកិច្ចឆ្លើយតប លោកអគ្គនាយក ស៊ុ ម៉ាប់ ក៏បានឯកភាពប្រគល់ឯកសារពាក់ព័ន្ធមួយចំនួន ជូនទៅលោក Aung Zaw Min ក្នុងដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំនៅមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាសូហ្វីយ៉ា ប្រចាំខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រៅពីចែករំលែកបទពិសោធន៍លើការងារអភិរក្សជួសជុល និងគ្រប់គ្រងតំបន់បេតិកភណ្ឌ សិក្ខាកាមនឹងចុះធ្វើកម្មសិក្សា នៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារ ដើម្បីសិក្សាស្វែងយល់លើការអនុវត្តជាក់ស្តែង៕