(ព្រៃវែង)៖ បន្ទាប់ពីមានព័ត៌មាន និងលើកឡើងថា មានការលួចកាយដីទន្លេរបស់រដ្ឋ យកទៅលក់យ៉ាងគគ្រឹងគគ្រេង នៅភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងនោះ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុនោះភ្លាមៗ។
ពេលចុះត្រួតពិនិត្យនៅកន្លែងកើតហេតុនោះ លោកប្រធានមន្ទី បានជួបជាមួយម្ចាស់ដី ឈ្មោះ សុត ស៊ន និងលោក មិល គារី មេឃុំកោះចេក ដើម្បីសួរនាំឲ្យដឹងរឿងរ៉ាវច្បាស់លាស់។
លោក សុត ស៊ន ពលរដ្ឋម្ចាស់ដីបានឲ្យដឹងថា គ្មានអ្នកណាមកលួចជីកដីលក់នោះ គឺរូបលោកជាម្ចាស់ដី បានជួលគេឲ្យមកជីដីរបស់គាត់ នៅជាប់ច្រាំងទន្លេ មកចាក់ដីភូមិ និងលក់ដីខ្លះ សម្រាប់យកថវិកាទៅព្យាបាលជំងឺប្រពន្ធ ដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យ។ ហើយការជីកនោះ មិនមានផលប៉ះពាល់ និងបណ្តាលឲ្យបាក់ដីរលំផ្ទះអ្នកដទៃនោះទេ ពីព្រោះនៅជាប់ដីរបស់លោកគ្មានលំនៅដ្ឋានទេ។
លោក មិល គារី មេឃុំកោះចេក បានក៏បានប្រាប់ដែរថា ប្រជាពលរដ្ឋគាត់ឲ្យគេជីកក្នុងដីភូមិរបស់គាត់ ក្នុងទំហំតិចតួចប៉ុណ្ណោះ គ្រាន់បានថវិកាដោះស្រាយជីវភាព តែមិនបណ្តាលឲ្យមានផលប៉ះពាល់ ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដទៃទៀតឡើយ។
លោកបញ្ជាក់ថា «សូម្បីតែប៉ះដើមឈើគេមួយដើមឈើគេ ក៏គេប្តឹងដែរ តែនេះគាត់ជីកលើដីរបស់គាត់ទេ»។
លោកប្រធានមន្ទីរ ជា កក្កដា បានបញ្ជាក់ថា ការផ្សាយព័ត៌មានមួយចំនួន ហាក់បីដូចជាមានរឿងធំធេងណាស់ លុះដល់ទៅពិនិត្យមើលជាក់ស្តែង ប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពលំបាកនោះ ពួកគាត់គ្រាន់តែលក់អាចម៍ដីនៅក្នុងភូមិរបស់គាត់ប៉ុណ្ណោះ មិនបណ្តាលឲ្យបាក់ច្រាំងទន្លេនោះទេ និងបាក់រលំផ្ទះអ្នកដទៃនោះទេ ពីព្រោះនៅកន្លែងជីកយកអាចម៍ដី មិនមានផ្ទះនៅគៀកនោះទេ ហើយការជីកនេះមានទំហំតូច ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឃុំតែប៉ុណ្ណោះ។
លោក ជា កក្កដា បានបន្តថា ចំពោះការជីកយកអាចម៍ដី ចាប់ពី៣០០ម៉ែត្រការ៉េចុះក្រោម ក្រសួងរ៉ែទុកឲ្យឃុំជាអ្នកសម្រេច ក្នុងការឲ្យជីក ឬមិនឲ្យជីក តែទោះបីយ៉ាងណាក៏មន្ទីររ៉ែ នៅតែតាមដានការអនុវត្តរបស់ប្រជាពលរដ្ឋ ក្រែងអនុវត្តន៍ទៅខុសនឹងច្បាប់។ រីឯចាប់ពី៣០០ម៉ែត្រការ៉េឡើង ទៅថ្នាក់ខេត្តជាអ្នកសម្រេច៕