(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ មានរៀបចំ «កិច្ចប្រជុំក្រុមការងារទី៧ នៃវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម» ក្រោមគណៈអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (G-MAC)។
អញ្ជើញចូលរួមនៅកិច្ចប្រជុំរួមមានមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងសមាជិក G-MAC តំណាងវិស័យឯកជនសំខាន់ៗប្រមាណជាង ១០០នាក់។ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុលទៅលើសំណើទាំង ៦ របស់វិស័យឯកជន និងបានដាក់ចេញនូវវិធានការឆ្លើយតបដូចខាងក្រោម៖
១. ក្រសួងពាណិជ្ជកម្ម នឹងធ្វើការពិនិត្យ និងកែសម្រួលឡើងវិញនូវរាល់នីតិវិធីផ្តល់ CO តាមប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់ដំណាក់កាល ដើម្បីធានាបំពេញឲ្យបានតាមក្របខណ្ឌពេលវេលាកំណត់ ៤៨ម៉ោង និងទាក់ទាញទំនុកចិត្តពីវិស័យឯកជន។ ទន្ទឹមគ្នានេះ ក្រសួងពាណិជ្ជកម្មនឹងបើកវគ្គបណ្តុះបណ្តាលជូនភ្នាក់ងាររត់ការទាំងអស់ ដើម្បីទទួលបានសិទ្ធិបំពេញបែបបទស្នើសុំ CO ស្របច្បាប់ពីក្រសួង។
២. ក្រសួងពាណិជ្ជកម្ម សូមរក្សាទុកកម្រៃគ្រប់គ្រងការនាំចេញ (EMF) ដោយសារជាប្រភពចំណូលសំខាន់នៃថវិកាជាតិ ដែលរាជរដ្ឋាភិបាលត្រូវប្រើប្រាស់សម្រាប់ការវិនិយោគសាធារណៈ និងការតម្លើងបៀរវត្សជូនមន្ត្រីរាជការ។ ជំនួសមកវិញ ក្រសួងពាណិជ្ជកម្ម នឹងពិនិត្យលទ្ធភាពស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការបញ្ចុះកម្រៃ EMF ដើម្បីលើកទឹកចិត្តដល់វិនិយោគិន។
៣. ក្រសួងពាណិជ្ជកម្ម នឹងធ្វើវិសោធនកម្មមុខងារ និងការទទួលខុសត្រូវរបស់កាំកុងត្រូលក្នុងពេលអនាគត ដើម្បីធានាបំពេញប្រតិបត្តិការ (ត្រួតពិនិត្យទំនិញ) ឲ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន ក្រសួងបានកំពុងរៀបចំសេចក្តីព្រាងច្បាប់ចំនួនបី ដើម្បីកំណត់ពីភារកិច្ចស្នូលជាក់លាក់របស់កាំកុងត្រូលដូចជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និងច្បាប់ស្តីពីការប្រកួតប្រជែង។
៤. ក្រសួងពាណិជ្ជកម្ម សូមរក្សាទុកការធ្វើអធិការកិច្ចលើ CO សម្រាប់ទំនិញដឹកតាមរថយន្ត ឆ្លងកាត់បន្ទាត់ព្រំដែនកម្ពុជា ទៅឡើងយន្តហោះនៅប្រទេសជិតខាង ដោយសារនេះជាផ្នែកមួយនៃការអនុវត្តវិធានប្រភពដើមទំនិញ ដើម្បីទប់ស្កាត់ការបន្លំប្រភពដើមនានាពីប្រទេសទី ៣ ហើយទទួលបានការសរសើរពីសហគមអឺរ៉ុប។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មសូមស្នើដល់វិស័យឯកជន ពន្លឿនការដាក់ពាក្យស្នើសុំអធិការកិច្ច នៅពេលដែលទំនិញផលិតបាន ១០% ឬ២០% ដើម្បីចំណេញពេលវេលា ហើយក្រសួងគ្រោងនឹងចរចារជាមួយប្រទេសជិតខាងក្នុងពេលឆាប់ៗ ដើម្បីបើកឲ្យមានការដឹកជញ្ជូនទំនិញតាមផ្លូវទឹកផងដែរ។
៥. ក្រសួងពាណិជ្ជកម្ម កន្លងមកដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការគាំទ្រពីអង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ចេញនូវកម្រងសេវាសាធារណៈសម្រាប់វិស័យឯកជន តាមរយៈប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ក្នុងនោះការកែតម្រូវ និងចេញច្បាប់ទុតិយតា CO មាននៅក្នុងឧបសម្ព័ន្ធ ១ ដែលអាចទាញយកបាននៅទីនេះ http://bit.ly/2k6jSQ1។
៦. ក្រសួងពាណិជ្ជកម្ម នឹងទទួលយកភាសាខ្មែរ ធ្វើជាភាសារគោលក្នុងការបញ្ជាក់ទំនិញប្រភេទសម្លៀកបំពាក់ និងសុំឲ្យមានការបកប្រែជាភាសាអង់គ្លេសនៅក្នុងរង្វង់ក្រចក។ ស្របគ្នានេះ ក្រសួងបានលើកទឹកចិត្តឲ្យ G-MAC សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំជាសន្ទានុក្រមមួយ សម្រាប់ជួយសម្រួលភាគីពាក់ព័ន្ធក្នុងការប្រើប្រាស់ពាក្យពេជន៍ឲ្យបានត្រឹមត្រូវ ទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារទី ៧នេះ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ស្នើឡើងដោយវិស័យឯកជន ពិសេសពាក់ព័ន្ធការលើកកម្ពស់បរិយាកាសធុរកិច្ច និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ គឺជាយន្តការដ៏ល្អប្រសើរមួយ សម្រាប់ការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការកោតសរសើរពីវិស័យឯកជន ជាពិសេសអ្នកវិនិយោគ និងមហាជនទាំងក្នុង និងក្រៅប្រទេស៕