(កណ្ដាល)៖ តំណាងក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បានអះអាងថា ការអភិវឌ្ឍន៍ដំណាំដាំដុះស្រូវ ពិតជាមិនធ្វើឲ្យ ប្រជាពលរដ្ឋមាន ការខាតបង់នោះឡើយ បើសិនយើងអនុវត្តន៍តាមលក្ខណៈបច្ចេកទេស ពោលគឺ មិនធ្វើស្រែទៅតាមទម្លាប់ដែលយើងធ្លាប់ អនុវត្តន៍នាពេលកន្លងមក។
លោក តាំង សុខឃី ជំនួយការលោកឧកញ៉ាឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍ បានថ្លែងលើកឡើង នៅក្នុងការបើកការដ្ឋាន សម្រាប់គម្រោងទី១ ជំហានទី១ ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យកសិកម្មដំណាំស្រូវ ក្រុមហ៊ុនបានកំពុងចាប់ផ្តើមភ្ជួររាស់ដី ដើម្បីធ្វើការសាបព្រួសស្រូវរដូវប្រាំង នៅក្នុងជំហានទី១ ឆ្នាំ២០១៧ ក្នុងការប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍វិស័យកសិកម្ម ដំណាំស្រូវបែបធម្មជាពិតៗ ទៅតាមលក្ខណៈបច្ចេកទេស ជំនាញក្នុងការថែទាំ ការដាំដុះ និងមិនប្រើប្រាស់ជាតិគីមី ជាដើម ដើម្បីជម្រុញតំបន់មួយនេះទៅជាវាលពណ៌បៃតងនៅលើផ្នែកវិស័យកសិកម្ម ។
នៅជុំវិញការអភិវឌ្ឍន៍ដំណាំស្រូវនេះ លោក តាំង សុខឃី បានអះអាងថា ការអភិវឌ្ឍន៍វិស័យកសិកម្មដំណាំស្រូវ ពិតជាមិនមានការខាតបង់នោះឡើយ ប្រសិនបើប្រជាកសិករអនុវត្តន៍ការដាំដុះទៅតាមលក្ខណៈបច្ចេកទេស ជាពិសេស ការផ្លាស់ប្តូរទម្លាប់ក្នុងការដាំដុះ ដែលធ្លាប់ធ្វើតាមចំណាំ ដោយងាកមកអនុវត្តន៍តាមលក្ខណៈបច្ចេកទេស ក្នុងការថែទាំ និងការដាំដុះនោះ កសិករគ្រប់រូបនឹងបានប្រែក្លាយវិស័យកសិកម្មរបស់ខ្លួន ទទួលបាននូវភាពជោគជ័យជាមិនខាន ។
លោក តាំង សុខឃី បានលើកឡើងបន្តទៀតថា ដើម្បីលើកស្ទួយការងារកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនបានផ្តល់លទ្ធភាពយ៉ាងទូលាយ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ទាំងការថែទាំ និងបច្ចេកទេស ដើម្បីជម្រុញការដាំដុះវិស័យកសិកម្មដំណាំស្រូវ ឲ្យទទួលបានទិន្នផលខ្ពស់គ្រប់ៗ គ្នា ។
ពាក់ព័ន្ធនិងការអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងពេលថ្មីៗនេះ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងលើកឡើងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចគឺមិនសំដៅទៅលើការអភិវឌ្ឍន៍ដោយផ្ទាល់របស់កសិករដោយ ឡែកៗនោះឡើយ ការវិវត្តន៍និងការជម្រុញកំណើនសេដ្ឋកិច្ចធំបំផុត គឺការជម្រុញវិស័យកសិកម្មដោយមានចលករពី វិស័យឯកជន ក្នុងការអភិវឌ្ឍន៍ដែលមានទ្រង់ទ្រាយធំ ទើបជួយឲ្យវិស័យកំណើនសេដ្ឋកិច្ចរីកចម្រើនទៅបាន ក្នុងនោះ តាមការវាយតម្លៃរបស់ក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍នេះ គឺជាគំរូមួយក្នុងការចាប់ផ្តើមរបស់កម្ពុជាឆ្ពោះទៅអនាគត ៕