(កំពង់ឆ្នាំង)៖ ប្រជានេសាទនៅឃុំឆ្នុកទ្រូ និងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ប្រមាណជាង២០០គ្រួសារ បាននាំគ្នាផ្ដិត មេដៃប្តឹង លោក កង ណារិន នាយសង្កាត់រដ្ឋបាលជលផល ឆ្នុកទ្រូទៅកាន់អភិបាលស្រុក ដោយចោទប្រកាន់ពីបទឆបោក លុយកាក់របស់ពួកគាត់ជាថ្នូរនឹងការអនុញ្ញាតឲ្យដាក់របាំង លប នៅក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍ តែក្រោយពីប្រមូលលុយពីពួកគាត់អស់ហើយ ពេលពួកគាត់ចាប់ផ្ដើមដាក់ ក៏ទៅចាប់យកត្រី និងឧបករណ៏របស់ពួកគាត់ទៅវិញ។
យោងតាមពាក្យបណ្តឹង របស់ប្រជានេសាទបានចោទប្រកាន់ថា លោក កង ណារិន នាយសង្កាត់រដ្ឋបាលជលផល ស្រុកបាន ប្រមូលយកលុយពីពួកគាត់ខ្លះ ២,០០០,០០០ រៀល ខ្លះ៣,០០០,០០០ រៀលជាថ្នូរ ទៅនឹងការអោយប្រើឧបករណ៏ នេសាទប្រភេទរបាំងលបចាប់ត្រី នៅតាមបឹងទន្លេសាបដោយមានប្រជានេសាទជាង២០០នាក់ ឯណោះបានបង់លុយ ទៅអោយគាត់ ហើយពេលប្រជានេសាទចាប់ផ្ដើមដាក់ ពួកមន្ត្រីជលផលតែងតែទៅលួចលើកលប របស់ពួកគាត់យកត្រី ទៅលក់ ឬឲ្យយកលុយទៅលោះជាដើម ដោយក្នុងលបមួយត្រូវចំណាយលុយលោះ ១០ម៉ឺនរៀលថែមទៀត។
ការបង់ប្រាក់ឲ្យមន្ត្រីជលផលឈ្មោះ កង ណារិន នេះ ដោយពួកគាត់គិតថាគេអនុញ្ញាតឲ្យដាក់ដោយស្របច្បាប់ ដោយឈ្មោះនេះប្រាប់ ថាដាក់បានតែ២០០ម៉ែត្រប៉ុណ្ណោះ។ នៅពេលប្រមូលលុយអស់ស្រាប់តែឈ្មោះ កង ណារិន មិនទទួលខុសត្រូវ ហើយដឹក នាំកម្លាំងចុះទៅកាប់បំផ្លាញឧបករណ៍នេសាទរបស់ពួកគាត់ ស្រាយយកសាច់អួន និងលបរបស់ពួកគាត់អស់គ្មានសល់។
ជុំវិញករណីប្រជានេសាទធ្វើញ្ញត្តិប្ដឹងនេះ នៅព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News មិនអាច សុំការបំភ្លឺពី លោក កង ណារិន បាននោះទេ ព្រោះមិនមានលេខទូរស័ព្ទ សំរាប់ធ្វើការទាក់ទង។ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៏ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទ នៅវេលាម៉ោង២និង៤០ នាទី ថ្ងៃទី៩ ខែកុម្ភះនេះថា ពិតជាមានប្រជានេសាទនៅតំបន់ឆ្នុកទ្រូធ្វើពាក្យបណ្ដឹងសុំដកនាយសង្កាត់ជលផលឆ្នុកទ្រូមកកាន់ អាជ្ញាធរស្រុកពិតមែន។
ក្នុងនោះលោកបានបន្ថែមថាបច្ចុប្បន្នលោកបានធ្វើរបាយការណ៏ និងបញ្ជូនពាក្យបណ្ដឹងនោះទៅកាន់ អភិបាលខេត្តដើម្បីអោយលោកពិនិត្យសំរេចហើយ តែលទ្ធផលយ៉ាងណានោះលោកនៅមិនទាន់ដឹងនោះទេ។
តាមអ្នកដឹងរឿងបានបង្ហើបអោយដឹងថា តាមពិតក្រោយពីប្រមូលលុយ និងអោយប្រជានេសាទធ្វើការនេសាទដោយប្រើឧបកណ៏ល្មើសច្បាប់ហើយ មន្ត្រីជលផលគ្មានបំណងទៅចាប់ និងបំផ្លាញចោលវិញទេ តែក្រោយពីរាជរដ្ឋាភិបាលបើកយុទ្ធនាការបង្ក្រាបបទ ល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប ដោយថែមទាំងធ្វើការព្រមានដល់អាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាបរួចមក ទំនងខ្លាចថ្នាក់លើមើលឃើញ បទល្មើសនេសាទនៅក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រងច្រើន ទើបលោកជលផលលើកគ្នាទៅបង្ក្រាប តែមិននឹកស្មានថាបង្ក្រាបចំកន្លែងខ្លួនយកលុយសោះ។ មិនធម្មតាទេ ម្នាក់ពីរ បីលានរៀល ចុះជាង២០០នាក់ វាមិនរាប់រយលានរៀលបាត់ទៅហើយ៕