(ភ្នំពេញ)៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឲ្យដឹងថា លោកនឹងជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធបញ្ហាពពោះជំនួស ឲ្យក្លាយទៅជាបញ្ហាស្របច្បាប់នៅកម្ពុជា ដើម្បីទប់ស្កាត់កុំឲ្យកុមារកម្ពុជា ដែលកើតចេញពីការពពោះជំនួសក្លាយទៅជាជនរងគ្រោះ។
លោក ប្រាក់ សុខុន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឲ្យលោកស្រី Lene Kroll Christiansen តំណាងអង្គការ UNFPA ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបញ្ហានៃការពពោះ ជំនួសនេះ អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននោះទេនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កន្លងមកក្រសួងយុត្តិធម៌ ក៏ធ្លាប់បានលើកឡើងពីសេចក្តីព្រាងច្បាប់ «ទប់ស្កាត់អំពើជួញដូរការពពោះ» នេះដែរ។ លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា សេចក្តីព្រាងច្បាប់ «ទប់ស្កាត់អំពើជួញដូរការពពោះ» គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ស្រ្តី និងកុមារ ជាពិសេសម្តាយ និងទារក។
លោកបានបន្តថា បច្ចុប្បន្នកម្ពុជាកំពុងសហការជាមួយប្រទេសអូស្រ្តាលី ដើម្បីសិក្សាឲ្យបានស៊ីជំរៅលើច្បាប់មួយនេះថា ត្រូវមានការចែងនិតីវិធីយ៉ាងណាខ្លះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ស្រ្តី និង កុមារឲ្យបានច្រើនបំផុត។ ច្បាប់ «ទប់ស្កាត់អំពើជួញដូរ ការពពោះ» នេះអាចការពារដល់ស្រ្តីដែលត្រូវបានគេយកទៅពពោះហើយ យកកូនទៅឲ្យអ្នកដទៃចិញ្ចឹម ការធ្វើបែនេះ ហាក់ដូចជា យកស្រ្តី និងទារកជាឧបករណ៍ជួញដូរ។ ស្រ្តី និងទារកមួយចំនួននៅកម្ពុជា ក៏ធ្លាប់រងគ្រោះ ដោយសារតែបញ្ហាជួញដូរ ការពពោះជំនួសនេះផងដែរ៕