Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពយន្ត​បែប​កំប្លែង​ថ្មី​មួយ​ទៀត រឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» របស់​ផលិតកម្ម មហាហង្ស ក្រុង​ពាលី​ថត​ជា​ផ្លូវ​ការ

09-02-2017 14:56

(ភ្នំពេញ)៖ ផលិតកម្ម មហាហង្ស បានចាប់ផ្ដើម​ចេញថតភាពយន្តខ្នាតធំ ថ្មីមួយទៀតហើយ មានចំណងជើងថា «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ដែលជាប្រភេទ​ភាពយន្ត​បែបកំប្លែង មនោសញ្ចេតនា និងកាច់កុងគ្នា ដោយបានធ្វើពិធីក្រុងពាលី​ថតជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិត​ឯភូមិគ្រិះ​របស់លោក អ៉ិន សុភិន ដែលជាចាងហ្វាង​ផលិតកម្ម ផ្ទាល់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងនោះក៏មានតារាសម្ដែងជាច្រើនដួង ចូលរួមផងដែរ។

កញ្ញា ម៉ៅ ច័ន្ទរស្មី ជំនួយការផ្នែកផលិត នៃផលិតកម្ម មហាហង្ស បានថ្លែងឲ្យដឹងថា រឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ជាប្រភេទរឿងខ្នាតធំ ត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេស​សម្រាប់អ្នកទស្សនា ដោយត្រូវចំណាយទុនផលិត​ ប្រហាក់ប្រហែលជា៥​ម៉ឺនដុល្លារ និងធ្វើឲ្យគុណភាព មិនចាញ់រឿង «អ្នកនាងម្ចាស់ឡឺកឺ» ប៉ុន្មានឡើយ។ រឿង​ «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ជារឿងបែបកំប្លែង សើចសប្បាយ និងមានឈុតឆាកកាច់កុង ឌឺដងគ្នា លាយឡំដោយមនោសញ្ចេតនា ស្នេហាជ្រាលជ្រៅ ដែលចូលរួមសម្ដែង​ជាតួឯងស្រី ដោយតារាសម្ដែងក្រម៉ិច​ក្រមើម គឺអ្នកនាង សុខ សោម៉ាវត្តី។

ជំនួយការផ្នែកផលិតរូបនេះ បន្ថែមថា តារាសម្ដែងក្នុងរឿង«ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ភាគច្រើនជាតារាសម្ដែងថ្មី ប៉ុន្តែពួកគេ សុទ្ធតែមានគំនិតច្នៃប្រឌិតខ្ពស់ និងមាន​ទេពកោសល្យ​នៃការសម្ដែង មិនចាញ់តារាជើងចាស់​ប៉ុន្មានឡើយ ហើយវណ្ណកម្មនេះ ជាចំណីចក្ខុថ្មីមួយទៀត របស់ផលិតកម្ម មហាហង្ស ដែលតែងតែទទួល​បានជោគជ័យ ក្នុងការផលិតរឿងជាច្រើនមកហើយ ដាក់បញ្ចាំងនៅលើទីផ្សារ។ យ៉ាងណាមិញ កញ្ញា បានសម្ដែងក្ដីរំពឹងថា រឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» នឹងទទួលបានការគាំទ្រខ្លាំង និងជោគជ័យ នៅពេលដាក់បញ្ចាំង នៅក្នុងរោងភាពយន្ត នៅពេលខាងមុខ ព្រោះជារសជាតិថ្មី ប្លែកពីភាពយន្តដទៃ។

សូមបញ្ជាក់ថា រឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» មានការចូលរួមសម្ដែងដោយ តារាល្បីៗ មានដូចជា អ្នកនាង សុខ សោម៉ាវត្តី, លោក ខេ ,លោក ម៉ុង, លោក អូន ឧស្សាហ៍, កញ្ញា ណាតាសា, ​លោក លឹម រដ្ឋា , កញ្ញា យ៉ែម ស្រីពេជ្រ, កញ្ញា ម៉ៅ គឹមធីតា, កញ្ញា ធីវ៉ាន់ នីវ៉ា, កញ្ញា ឌី ល័ក្ខរស្មី ព្រមទាំងតារាកិត្តិយសជាច្រើន ដួងទៀត៕