(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជួប សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជប៉ុន ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជប៉ុនខាងលើ ទេសរដ្ឋមន្រ្តី បានជម្រាបជូនភាគីមិត្តអំពីការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រទេសកម្ពុជានៅក្នុងឆាកអន្តរ-ជាតិ ជាពិសេសកម្ពុជា ជាប្រទេស ឯកទគ្គករកំណើនទាំង៨ នៅក្នុងពិភពលោក ដែលមានកំណើនរឹងមាំក្នុងអត្រា ៧.៧% ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ និងជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។
នៅក្នុងជំនួបពិភាក្សាទាំងនោះ ភាគីមិត្តជប៉ុនក៏បានទទួលស្គាល់ និងគូសបញ្ជាក់ថា ប្រទេសកម្ពុជាពិតជាមានការរីកចម្រើន និង ផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយនិងបានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុននឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស អោយស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិរបស់កម្ពុជាជាពិសេសគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម សំដៅលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ភាគីមិត្តក៏បាន សម្តែងនូវការអបអរសារទរ ចំពោះប្រទេសកម្ពុជា ដែលឆ្លងកាត់ផុតពី ចំណាត់ថ្នាក់ប្រទេស មានចំណូលទាប ទៅប្រទេសមានចំណូលមធ្យមកម្រិតទាប បានដោយមោទនៈ។ភាគីទាំងពីរក៏បានសម្តែងនូវ ការអបអរសាទរ អំពី កិច្ចប្រឹងប្រែងរួមគ្នា ដែលសម្រេចបាននូវការហោះហើរត្រង់ រវាងប្រទេសទាំងពីរដែលនោះ គឺជាសមិទ្ធិផលដ៏ធំធេងមួយ ដែលអាច ធានាបាននូវគុណប្រយោជន៏យ៉ាងច្រើនរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។
លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ប្រពៃណីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុនត្រូវបាន ពង្រឹង និងពង្រីកថែមទៀតនៅលើគ្រប់វិស័យ ដែលស្របនឹងសេចក្តីថ្លែងការណ៏របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ដែលបានគូសបញ្ជាក់ពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន មិនត្រឹមតែជាដៃគូអភិវឌ្ឍន៏ដ៏ល្អក្នុង រយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្ត ។
ទន្ទឹមនឹងនេះដែរ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបាន បំពេញ តួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសពាក់ព័ន្ធជាមួយ នឹងពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច អភិបាលកិច្ច និងការអភិវឌ្ឍលើវិស័យផ្សេងៗទៀត។
គួរបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងទេសរដ្ឋមន្រ្តី ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ របស់ជប៉ុនរួមមាន លោក Kazuhiko Koshikawa អនុប្រធានជាន់ខ្ពស់នៃ JICA ,លោក Toshinao Nakagawa អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម, លោក Nobuo KISHI រដ្ឋលេខាធិការក្រសួងការបរទេស និងលោក Minoru KIHARA រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ៕