(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ បម្រុងនាំពលករខ្មែរប្រុសស្រី៨នាក់ ឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀង នៅក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់នាំពលករ ខ្មែរឆ្លងដែនខុសច្បាប់នគរបាល ធ្វើឡើងខណៈដែលជនសង្ស័យ បានចាត់ចែងដឹកជញ្ជូនពលករខ្មែរប្រុសស្រី៨នាក់ និងមានកូនតូចៗមួយចំនួន តាមរថយន្តកាមរី១គ្រឿង បម្រុងនាំចេញទៅកាន់ប្រទេសថៃ។
លោកបានបន្តទៀតថា មុនដំបូងនគរបាលការិយាល័យជំនាញឃាត់រថយន្តកាមរី១គ្រឿង ដែលបានដឹកផ្ទុកកម្មករខ្មែរ៨នាក់ ពួកគេរស់នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។
បើតាមការអះអាងពីក្រុមពលករ ពួកគាត់មានបំណងឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ដោយមានការចាត់ចែងដឹកជញ្ជូន ពីអ្នកបើករថយន្តនោះតែម្តង ថ្លៃដឹកជញ្ជូនក្នុងម្នាក់ ២ពាន់បាតប្រាក់ថៃ ស្មើនិងជាង២០ម៉ឺនរៀល។
បន្ទាប់មកនគរបាលការយារិយាល័យជំនាញ ក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នអយ្យការនៃសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកបើករថយន្តមានឈ្មោះ ស៊ិន សុភាព ហៅចិន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងស្រ្តីជាមេខ្យល់ ឈ្មោះ តុង ណារី អាយុ៤៣ឆ្នាំ ប្រកបមុខរបរដូរប្រាក់ រស់នៅភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែត។
លោកនាយការិយាល័យបានបញ្ជាក់ឲ្យដឹងថា ការទប់ស្កាត់ពលករខ្មែរ មិនឱ្យចាកចេញដោយខុសច្បាប់ គឺក្នុងគោលបំណងដើម្បីរក្សាការពារសុវត្ថិភាព អាយុជីវិតបងប្អូន ពលករខ្មែរយើងតែប៉ុណ្ណោះ ពីព្រោះថា ការឆ្លងដែនខុសច្បាប់បែបនោះ ពួកគាត់អាចប្រឈមនិងបញ្ហាគ្រោះថ្នាក់ជាទីបំផុត។
ជនសង្ស័យទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចសាកសួរតាមជំនាញរួចហើយ ត្រូវបានកសាងសំណុំរឿង ចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកពលករទាំង៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាដោះលែងឱ្យត្រឡប់ទៅស្រុកកំណើតវិញ។
សូមបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់ពីសំណាក់ពលករខ្មែរឆ្លងដែន តាមច្រករបៀងខុសច្បាប់ ទៅរកាងារធ្វើនៅប្រទេសថៃ ត្រូវគេមើលឃើញថា ពលករខ្មែរទាំងនោះអាចប្រឈមនិងការបាញ់សម្លាប់ ចាប់ដាក់គុក ពីទាហានថៃ មិនតែប៉ុណ្ណោះ ពលករខ្មែរ រងការចាញ់បោកកេងកម្លាំងពលកម្ម និងជួញដូរទៅប្រទេសទី៣ ពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់ថៃទៀតផង៕