(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានចេញម​កប្រកាស គាំទ្រជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទាមទារឲ្យអាមេរិក លុបបំណុលដែលកម្ពុជាជំពាក់ កាលពីសម័យសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលជាមេដឹកនាំប្រទេសខុសច្បាប់ និងលើកបន្តុបដោយអាមេរិក។

ទេសរដ្ឋមន្រ្តី សេរី កុសល លើកឡើងបែបនេះ ធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈម្សិលមិញ បានថ្លែងចេញពីទីវត្តអារ៉ាម ដែលកន្លែងគោរពបូជា ដោយស្នើដល់រដ្ឋាភិបាលអាមេរិក លោក ដូណាល់ ត្រាំ ឲ្យលុបបំណុលចេញពីកម្ពុជា ដែលបានជំពាក់ នៅសម័យ លន់ នល់ ក្នុងទស្សវត្សរ៍៧០ ដែលអាមេរិកបានទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរាប់លានតោន បង្កជាវិនាសកម្មសម្លាប់ ប្រជាពលរដ្ឋខ្មែរហើយ ទារលុយបំណុលពីប្រជាពលរដ្ឋខ្មែរថែមទៀត។

ថ្លែងប្រាប់អង្គភាព Fresh News លោកអនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានបញ្ជាក់ប្រាប់ថា «ប្រសាសន៍ដែលសម្ដេចតេជោ ហ៊ុន សែន លើកឡើងនេះ មានតម្លៃជាប្រវត្តិសាស្រ្ត សម្រាប់ប្រជាជាតិកម្ពុជា»

ក្នុងនាមជាអ្នកទទួលខុសត្រូវ លើការងារដោះស្រាយបញ្ហាមីន ដែលពួកចក្រពត្តិអាមេរិក ជាអ្នកបង្កឡើងលើមាតុភូមិកម្ពុជានោះ លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមគាំទ្រ ការទាមទារឲ្យអាមេរិក លុបបំណុលឈាមដ៏ខ្លោចផ្សានេះចេញពីកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា «ជាបំណុលកខ្វក់ដ៏អាក្រក់បំផុត សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់»

លោកទេសរដ្ឋមន្រ្តីបានបន្តថា សម្ដីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលពាំនាំមកប្រាប់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វ៉ាលីម ហេដ នោះ សម្រាប់កម្ពុជា គឺមិនអាចទទួលយកបានជាដាច់ខាត់។ មិនអាចទទួលយកបាន គឺអាមេរិកអះអាងថា បំណុលដែលកម្ពុជាជំពាក់ នៅសម័យលន់ នល់ កើនពី២០០លានដុល្លារ ដល់ជិត៥០០លានដុល្លារ ហើយថា អាមេរិកមិនដែលពិចារណារឿងលុបបំណុលនេះទេ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី ប្រតិកម្មទៅអាមេរិកវិញថា «ថាខ្មែរជំពាក់លុយក៏តែខ្លួនឯង លិខិតឯកសារអ្នកជំពាក់ស៊ីញ៉េ (ចុះហត្ថលេខា) ក៏អត់ឃើញ គឺនិយាយតែខ្លួនឯង ថាក៏ខ្លួនឯង ឡើងការប្រាក់ក៏ខ្លួនឯង ប៉ុន្តែអ្វីដែលយើងបានឃើញច្បាស់ គឺចរិករបស់អាមេរិកាំងនេះ មានចរិកនយោបាយច្រើនជាង»

លោកទេសរដ្ឋមន្រ្តី បានមើលឃើញពីចរិតនយោបាយរបស់អាមេរិក ដោយលោកបានលើកឡើងថា កាលណាពួកចក្រពត្តិមួយនេះ ហ៊ាននិយាយពីរឿង លុបបំណុលនៅកម្ពុជា បើអាមេរិកហ៊ានតែនិយាយ ប្រៀបបីដូចជាទះកំផ្លៀងខ្លួនឯងយ៉ាងខ្លាំង ដោយហេតុថា អាមេរិកឈ្លានពានកម្ពុជា ហើយខ្មាសអៀនដែលធ្លាប់ចាញ់សង្គ្រាមនៅឥណ្ធូចិនយ៉ាងអាម៉ាស់។

លោកទេសរដ្ឋមន្រ្តីថា អាមេរិកមិនត្រឹមតែចូលរួមបំផ្លាញកម្ពុជា តាំងពីសម័យ លន់ នល់ នោះទេ សូម្បីមកដល់អំឡុងពេលរបបខ្មែរក្រហមដួលរលំហើយ មានការចរចាជាមួយត្រីភាគី ក៏អាមរិកចូលរួមផ្ដល់ជំនួយក្រោមតុ ជួយដល់ចលនាត្រីភាគីផងដែរ។ ទាំងនេះជាហេតុដែលអាមេរិក ធ្វើឲ្យកម្ពុជាទទួលរងទុក្ខវេទនា ហន្តរាយខ្ទេចខ្ទាំ ហើយប្រជាពលរដ្ឋខ្មែរស្លាប់គរដូចសម្រាម និរាសព្រាត់ប្រាស បែកបាក់គ្នា រហូតមកដល់សព្វថ្ងៃ។ អាមេរិកតែងតែខំគេចវេស មិនព្រមអើពើនឹង ទង្វើខ្លួនឯងមកលើកម្ពុជា នេះជាការខ្មាស់អៀនមួយ របស់មហាអំណាចស្បែកសអាមេរិក។

ទោះយ៉ាងណាលោកទេសេរដ្ឋមន្រ្តី សេរី កុសល នៅតែទទូចហើយទទូចទៀត ទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់អាមេរិក ដែលមានលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី សូមធ្វើការលុបបំណុលរបស់កម្ពុជា ហើយប៉ះប៉ូវសងការខូចខាតរបស់កម្ពុជា ដោយគ្មានលក្ខខណ្ឌ ព្រោះកម្ពុជាឆ្អែតឆ្អន់ហើយ ក្នុងការទទួលរងឥទ្ធិពលសង្គ្រាម ដែលបង្កាត់បញ្ឆះដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។

សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាបំណុលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃម្សិលមិញយ៉ាងដូច្នេះថា «អាមេរិកកាំងកុំទារលុយខ្មែរ !ឥឡូវរកកាន់តែ ឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេ មានអាវុធគីមីទៀត។ អាមេរិកាំងអើយ...ប្រធានាធិបតី ដូណាល់ត្រាំ អើយ! យ៉ាងម៉េចទៅវាយគេ ហើយទារលុយ! វាយយើងហើយទារលុយយើង វាមិនយល់កន្លែងហ្នឹង!។ ឥឡូវមានចលនា ប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានា នៅកម្ពុជាក៏គាំទ្រឲ្យលុបបំណុលនេះដែរ តែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេព្រោះគាត់ជាកូនចៅអាមេរិក»

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕