(កោះកុង)៖ ពិតជាសហាវព្រៃផ្សៃមែន! ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានឃាតករំលោភ ហើយសម្លាប់ចោល គួរឲ្យអាណិតអាសូរយ៉ាងខ្លាំង ប៉ុន្តែជនដៃដល់ត្រូវ កម្លាំងនគរបាលតាមចាប់ខ្លួនបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

មន្រ្តីនគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនដៃដល់រូបនេះ ត្រូវបានបញ្ជូនខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល។

បើតាមមន្រ្តីនគរបាល អំពើឃាតកម្មរំលោភ ហើយសម្លាប់ចោលនេះបានកើតឡើង តាំងពីវេលាម៉ោង១២ថ្ងៃត្រង់ទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ តែក្រោយកើតហេតុនោះ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី សំឃិត វៀន បានដឹកនាំ និងបញ្ជាឲ្យកម្លាំងជំនាញ សហការជាមួយកម្លាំងអាវុធហត្ថ ចុះស្រាវជ្រាវ ក្នុងរយៈពេល៩ម៉ោង ទើបឈានទៅដល់ការចាប់ខ្លួន​ ជនដៃដល់ម្នាក់ដែលជាអ្នកជិតខាងផ្ទះក្មេងស្រីរងគ្រោះ។

ជនសង្ស័យឈ្មោះ ខុន ស៊ីញ អាយុ៣០ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ឡាយ ស្រីង៊ីន អាយុ១៤ឆ្នាំ។ ជនសង្ស័យបានសារភាពនូវអំពើរបស់ខ្លួន ដោយចាប់រំលោភ និងយកខោទៅរឹកកសម្លាប់ក្មេងស្រីរងគ្រោះរហូតដាច់ខ្យល់តែម្តង។ មកដល់រសៀលថ្ងៃនេះ ជនសង្ស័យកំពុងសួរនាំបន្តទៀត នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់តាមច្បាប់៕