(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិតល្បីៗ មានទាំងក្នុងប្រទេស និងក្រៅប្រទេសបានមកជួបជុំគ្នា ដើម្បីផ្សព្វផ្សាយពី «រ៉ូតាវីរុស» នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឯសណ្ឋាគារភ្នំពេញ និងបានបង្ហាញពីវិធីសាស្រ្តក្នុងការការពារ ទប់ស្កាត់ កុំឲ្យស្ថានភាពនៃវីរុសមួយនេះ រីករាលដាល រហូតធ្វើឲ្យកុមារ ឬទារក ធ្លាក់ចូលដល់សភាពធ្ងន់ធ្ងរ ដែលអាចបណ្ដាលឲ្យស្លាប់បាន បើទោះបីនៅក្នុងដំណាក់កាលនេះ ប្រទេសកម្ពុជា ពុំទាន់មានតួលេខច្បាស់លាស់ បង្ហាញថា មានកុមារស្លាប់ដោយសារបង្កឡើង ដោយវីរុសនេះ នៅឡើយក្ដី។
ក្រុមវេជ្ជបណ្ឌិត ដែលបានមកពិភាក្សារគ្នានេះ រួមាន លោកសាស្រ្តាចារ្យរង ជឹង ជា ប្រធានផ្នែកជំងឺរាក មកពីមន្ទីរពេទ្យ កុមារជាតិ, លោកវេជ្ជបណ្ឌិត ឃុន ប៉េងអាន ឯកទេសរោគកុមារ មកពីគ្លីនិកអប្សរាភ្នំពេញ, វេជ្ជបណ្ឌិត អែល បូរ៉ាវី អ្នកគ្រប់គ្រងផ្នែកកិច្ចការវេជ្ជសាស្រ្ត ព្រមទាំងវេជ្ជបណ្ឌិតមកពីបរទេស ចំនួន២នាក់ទៀត ផងដែរ។
លោកសាស្រ្តាចារ្យរង ជឹង ជា ប្រធានផ្នែកជំងឺរាក មកពីមន្ទីរពេទ្យ កុមារជាតិ បានថ្លែងឲ្យដឹងថា រ៉ូតាវីរុស គឺជាវីរុសម្យ៉ាង ដែលបណ្ដាលឲ្យកុមារមានជំងឺរាក រហូតឈានចូលដល់ការ រលាកក្រពះ និងពោះវៀន ហើយអាណាព្យាបាលត្រូវតែរួសរាន់ យកកុមារទៅព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងបណ្ដាលឲ្យទារក ឬកុមារ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ លោកបន្តថា មូលហេតុដែលបណ្ដាលឲ្យកុមារមានផ្ទុក រ៉ូតាវីរុស គឺបណ្ដាលមកពីការឆ្លងមេរោគ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទារក ដោយសារដៃមិនស្អាត, ការរស់នៅគ្មានអនាម័យ, ការប្រើប្រាស់ថ្នាំ និងអាណាព្យាបាល មិនបាននាំទៅចាក់វ៉ាក់សាំង ការពារជាដើម។
លោកសាស្រ្តាចារ្យរង បានបន្ថែមទៀតថា យ៉ាងណាមិញ ទារក ឬកុមារនៅក្នុងប្រទេសកម្ពុជា ពុំទាន់មានបញ្ហាប្រឈមធ្ងន់ធ្ងរ រហូតដល់ថ្នាក់បាត់បង់ជីវិត នោះទេ ប៉ុន្តែអ្វីដែលសំខាន់ មាតាបិតា ក៏ដូចជាអាណាព្យាបាល ត្រូវតែយល់ដឹង ពីវិធីសាស្ត្រក្នុងការបង្កា ឬការពារ និងការព្យាបាល តាមការណែនាំរបស់លោកវេជ្ជបណ្ឌិត ហើយបញ្ហានេះ គឺកុមារភាគច្រើន តែងតែជួបប្រទះ ជាពិសេសគឺទារក ចន្លោះអាយុពី៦ខែចុះក្រោម។ លោកសាស្រ្តចារ្យ បានពន្យល់ថា អាណាព្យាបាលទាំងអស់ នៅពេលដឹងថា កូនរបស់ខ្លួន មានជំងឺរាករួស ដែលបង្កឡើងដោយ រ៉ូតាវីរុស ត្រូវប្រញាប់ប្រញាល នាំកូនមកកាន់មន្ទីរពេទ្យ ព្យាបាលឲ្យទាន់ពេលវេលា ដើម្បីកុំមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ឬភាពលូតលាស់របស់កុមារ ប្រសិនបើវីរុសនេះ ស្ថិតក្នុងខ្លួនរបស់កុមាររយៈពេល លើសពី១៤ថ្ងៃ។
ដោយឡែក លោកវេជ្ជបណ្ឌិត ឃុន ប៉េងអាន ឯកទេសរោគកុមារ មកពីគ្លីនិកអប្សរាភ្នំពេញ បានបន្ថែមថា ពេលកុមារ មានជំងឺរាករួស រហូតខ្សោះខ្លួន គឺកុមារកំពុងតែ បាត់បង់ជាតិទឹកយ៉ាងខ្លាំង ដូច្នេះជំហានដំបូង អាណាព្យាបាលត្រូវផ្ដល់ជាតិទឹកឲ្យកុមារ ឲ្យបានច្រើន ដើម្បីបំពេញជាតិទឹកដែលបាត់បង់ ជាពិសេស គឺទឹកអូរ៉ាលីត ជាដើម។ ទោះបីជាយ៉ាងណា មាតាបិតា គួរតែនាំកូនរបស់ខ្លួន ដែលមានអាយុក្រោម៦ខែ ដើម្បីទទួលវ៉ាក់សាំងការពារ ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់គ្រូពេទ្យ ឬក្រសួងសុខាភិបាល ក្នុងន័យកុំឲ្យទារក ឬកុមារ ដែលជាកូនជាទីស្រឡាញ់របស់ខ្លួន ជួបប្រទះនូវបញ្ហានេះ។
យ៉ាងណាមិញ ក្រុមវេជ្ជបណ្ឌិត បានផ្ដាំផ្ញើដល់អាណាព្យាបាលគ្រប់រូប ត្រូវរួសរាន់បញ្ជូនកូនរបស់ខ្លួន មកកាន់មន្ទីរពេទ្យជាបន្ទាន់ ពេលដឹងថា កូនមានជំងឺរាក ឬមានរ៉ូតាវីរុស នៅក្នុងខ្លួន ជៀសវាងការប្រើប្រាស់ថ្នាំបុរាណ ឬជឿលើជំនឿផ្សេង ដែលអាចបណ្ដាលឲ្យកុមារ មានសភាពធ្ងន់ធ្ងរ ឈានទៅដល់ដំណាក់កាល បាត់បង់ជីវិតបាន៕