(បន្ទាយមានជ័យ)៖ ក្រោមការបញ្ជាពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សាខាកាំកុងត្រូលខេត្ត សហការជាមួយកម្លាំងគយ និងរដ្ឋាករក្រុងប៉ោយប៉ែត បានដកហូតទំនិញខូចគុណភាព ជាង៦០០គីឡូក្រាម នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈកម្មករកំពុងតែនាំចេញពីថៃ។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានឲ្យដឹងថា ទំនិញដែលដកហូតបានមាន កន្ទួតត្រាំ១៤គីឡូក្រាម ទំពាំងបាយជូរត្រាំ២៤គីឡូក្រាម ស្វាយត្រាំ៧០គីឡូក្រាម ផ្លែម្ដេញត្រាំ២៨គីឡូក្រាម ដំណាប់កន្ទួត៦០៥គីឡូក្រាម។
ក្រៅពីត្រួតពិនិត្យគុណភាពទំនិញ កម្លាំងមន្រ្តីពាក់ព័ន្ធក៏បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងចូលរួមការពារសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
ក្រោយដកហូតទំនិញខូចគុណភាពបានហើយ កម្លាំងកាំកុងត្រូលខេត្តបាននាំទៅរក្សាទុក ដើម្បីត្រៀមកម្ទិចចោលនៅពេលក្រោយ៕