(ភ្នំពេញ)៖ មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) បានសម្រេចផ្តល់ជំនួយជាង ២៤លានដុល្លារអាមេរិក ដើម្បីជួយលើគម្រោងសំខាន់ៗចំនួន៤នៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៦ ដល់២០១៨។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោកស្រី Lene Kroll Christiansen តំណាងអង្គការ UNFPA ថ្មីប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅវេលាម៉ោង ១០៖០០ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ក្នុងជំនួបនោះ លោកស្រី Lene Kroll Christiansen បានរៀបរាប់ឲ្យដឹងពីគម្រោងមួយចំនួន ដែលអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាបានជួយដល់កម្ពុជាកន្លងមក។
លោកស្រីបានបញ្ជាក់ថា អង្គការមួយនេះ មានគម្រោងចុងក្រោយសម្រាប់ឆ្នាំ២០១៦-២០១៨ ក្នុងទំហំទឹកប្រាក់ជាង ២៤លានដុល្លារ ជាគម្រោងជួយកម្ពុជា ដោយផ្តោតជាសំខាន់ទី១. លើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ, ទី២. បញ្ហាមនុស្សពេញវ័យ និង យុវវ័យ និងទី៣. ផ្តោតលើសមភាពយេនឌ័រ និងការផ្តល់អំណាចលើស្រ្តី និងទី៤. លើសក្តានុពលប្រជាជន។ បន្ថែមពីលើនេះ លោកស្រី ក៏បានចូលរួមអបអរសាទរដល់កម្ពុជា ដែលត្រូវបានតំឡើងកម្រិតថ្នាក់ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានអរគុណដល់ការជួយរបស់អង្គការមូលនិធិប្រជាជនរបស់ UN ប្រចាំនៅកម្ពុជា។ លោកបានបន្តថា រាជរដ្ឋាភិបាល នឹងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជា បានផ្តល់អាទិភាព និងអំណាចឲ្យទៅស្រ្តី ហើយក៏ប្រឆាំងដាច់ខាតពីការប្រើហិង្សាលើស្រ្តីទន់ខ្សោយ។
លោកបានបន្តថា អង្គការមួយនេះ ក៏បានចូលរួមចំណែកអប់រំស្តីពីសុខភាពផ្លូវភេទ ចំពោះយុវវ័យរបស់កម្ពុជា ហើយក៏បានលើកឡើងពីបញ្ហានៃការពពោះជំនួសកំពុងកើតឡើងនៅកម្ពុជា។
លោករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានប្រាប់លោកស្រីទៀតថា ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា កំពុងតែខិតខំប្រឹងប្រែងរៀបចំក្នុងការធ្វើសេចក្តី ព្រាងច្បាប់ ពាក់ព័ន្ធបញ្ហានៃការពពោះជំនួសនេះ ដើម្បីឲ្យបញ្ហានេះក្លាយជាបញ្ហាស្របច្បាប់នៅកម្ពុជា ដើម្បីគ្រប់គ្រងលើបញ្ហានេះ ជាពិសេសទប់ស្កាត់កុំឲ្យកុមារកម្ពុជាដែលកើតចេញពីការពពោះជំនួសក្លាយទៅជាជនរងគ្រោះ។
លោកបានបន្តថា អង្គការមូលនិធិប្រជាជនរបស់ UN ប្រចាំនៅកម្ពុជា នឹងធ្វើការដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយ ក្រសួងកិច្ចការនារី ក្រសួងអប់រំ ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះដែរ លោកស្រី Lene Kroll Christiansen បានប្រគល់ជូននូវសារលិខិតពីអង្គការមូលនិធិប្រជាជនរបស់ អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីទទួលនូវលិខិតនោះ លោកស្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះ ការតែង តាំង លោកស្រីនៅក្នុងបេសសកម្មនៅកម្ពុជា និងសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅក្នុងការឡើងកាន់តំណែងនេះ។
លោករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការអរគុណដល់លោកស្រី Lene Kroll Christiansen ដែលបានចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍គោលដៅសម្រាប់កម្ពុជាជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕