(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំពីលោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន នៅទូទាំងប្រទេស ក្នុងរយះពេល៦ខែ ដំបូងនេះ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋាន បានបង្ក្រាបជនសង្ស័យ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន៣ករណី ដោយឃាត់ខ្លួនបាន៦នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿងនៅ ត្រង់ចំណុចទល់មុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ បានបញ្ជាក់ថា ពាក់ព័ន្ធករណីបង្ក្រាបជនប្រើប្រាស់គ្រឿងញៀននេះ កម្លាំងរបស់លោក បានបន្តប្រតិបត្តិការ លបឆ្មក់ ពួនស្ទាក់ ដើម្បីត្រួតពិនិត្យលើសមាសភាពដែលគួរសង្ស័យ នៅពេលរាត្រី ទើបអាចឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៦នាក់ ដោយរកឃើញថ្នាំញៀន៣កញ្ចប់ និងដកហូតម៉ូតូ៣គ្រឿង ក្រោយពីជនទាំងនេះ ជិះម៉ូតូមកពី ទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់។
អធិការរងបានឲ្យដឹងថា ក្រោយបង្ក្រាបសមាសភាព របស់ជនប្រើប្រាស់គ្រឿងញៀនទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕