(ភ្នំពេញ)៖ បុរសល្មោភកាមម្នាក់ជានិស្សិតឆ្នាំទី៣ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្ដឹងពីស្ត្រីរងគ្រោះម្នាក់ ថាបានបង្ខំចាប់រំលោភលើរូបរាងកាយនាងរហូតទាល់តែបានសម្រេច។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យល្មោភកាមខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ស្ថិតលើផ្លូវបេតុង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ស្ត្រីរងគ្រោះបានប្រាប់ថា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ រូបនាងបានទូរស័ព្ទណាត់ជួបមិត្តភក្តិស្រីម្នាក់ទៀត ដើម្បីឱ្យរកការងារឲ្យធ្វើ។
ក្រោយមក មិត្តភក្តិស្រីនោះ ក៏បាននាំនាងទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងបន្ទប់ជួលជាមួយជនសង្ស័យជានិស្សិត រហូតមកដល់យប់ថ្ងៃទី៣ ខែកុម្ភៈ ជនសង្ស័យជានិស្សិត បានត្រឡប់មកពីរៀនវិញ និងបាននាំគ្នាហូបបាយរួចរាល់។ ដោយមានឱកាសល្អ ក៏បិតទ្វារបន្ទប់ ហើយក៏បង្ខំ ខ្ទប់មាត់ និងវាយទះកំភ្លៀងលើនារីរងគ្រោះ ដើម្បីរំលោភរហូតទាល់តែបានសម្រេច។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា ក្រោយកើតហេតុ នាងបានប្រាប់បងប្រុស ហើយក៏នាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលទួលសង្កែ ឲ្យជួយអន្តរាគមន៍ រកយុត្តិធម៌ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ កម្លាំងនគរបាលបានបន្ត ស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យល្មោភកាមជានិស្សិ
ត ដើម្បីយកមកសាកសួរតែម្ដង។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា យុវជនល្មោភកាមខាងលើឈ្មោះ ហែល ចិន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើតនៅភូមិប្រាសាទ ឃុំកំប៉េង ស្រុកគិរីវង់ ខេត្តតាកែវ។ រីឯនារីរងគ្រោះឈ្មោះឃ.វ.ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ក្រុម០៦ ផ្លូវបេតុង២ ភូមិក្បាលទនប់ សង្កាត់មានជ័យ ខណ្ឌមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យជានិស្សិត ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំ និងកសាងសំ ណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕