(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គម្រោងប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់ លោក សម រង្ស៊ី គឺជាគំនិតអាក្រក់មួយ ហើយថា មេគណបក្សប្រឆាំងដែលរត់គេចខ្លួនទៅក្រៅប្រទេសនេះ កំពុងចងកំហឹងជាមួយ អ្នកដែលផ្តួលរំលំរបបខ្មែរក្រហម ហើយគាំទ្រឱ្យរបបនេះវិលមកកាន់កម្ពុជាវិញ។
ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានគំរាមប្តឹង សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ទៅតុលាការអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ តាមរយៈផែនការ «ក៥»។
លោក សុខ ឥសាន បានថ្លែងថា «ការចង់ដាក់ពាក្យប្តឹងនេះ បានបញ្ជាក់កាន់តែច្បាស់ មិនអាចប្រកែកបាននូវចេតនាអាក្រក់របស់ សម រង្សី ដែលរហូតមកដល់ ពេលនេះ ហើយ សម រង្សី នៅតែប្រមាថអាយុជីវិតប្រជាជនកម្ពុជាដែលបានបាត់បង់ក្រោមស្នាដៃនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងនៅតែតាមព្យាបាទថ្នាក់ ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំវាយផ្តួលរំលំរបបខ្មែរក្រហមប៉ុលពត និងដឹកនាំរៀបចំនិងអនុវត្តផែនការ “ក៥” ដើម្បីទប់ស្កាត់ការប៉ុនប៉ង វិលត្រទ្បប់មកកាប់សម្លាប់ប្រជាជនឡើងវិញ នៃពួកប្រល័យពូជសាសន៍ប៉ុលពត»។
លោក សុខ ឥសាន បានបន្ថែមថា «ដោយសារ សម រង្ស៉ី មិនបានភ្លក្សរស់ជាតិទុក្ខលំបាកក្នុងរបបប្រល័យពូជសាសន៍ ទើប សម រង្ស៉ី គាំទ្រ និងចូលដៃជាមួយ របបនេះ ចង់ឲ្យមានការកាប់សម្លាប់អាយុជីវិតប្រជាជនកម្ពុជា។ ហេតុនេះហើយបានជា សម រង្សី បែរជាមកចងគំនុំជាមួយអ្នកដែលវាយផ្តួលរំលំ និងទប់ស្កាត់ ការវិលត្រទ្បប់នៃរបបប្រល័យពូជសាសន៍ប៉ុលពត ទើប សម រង្សី គំរាមប្តឹងម្តងហើយម្តងទៀតមិនឈប់ឈរយ៉ាងនេះ»។
លោកបានបន្ថែមទៀតថា លោក សម រង្សី បានបញ្ចូលមនោគមវិជ្ជាខ្មែរក្រហម ទៅក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្លួន ហើយថាជារឿយៗ មេបក្សប្រឆាំងនេះ តែងតែលាតត្រដាងជាសាធារណៈថា នៅពេលខ្លួនឈ្នះឆ្នោត ខ្លួននឹងរឹបអូសទ្រព្យសម្បត្តិអ្នកមាន អ្នកឧកញ៉ា យកទៅចែកអ្នកក្រ លុបចោលកិច្ចសន្យាវិនិយោគបរទេសចេញ លប់បំណុលធនាគារ លប់ថ្លៃជំពាក់បំណុលផ្សេងៗរបស់ប្រជាជន ធ្វើឲ្យសង្គមកម្ពុជាគ្មានអ្នកមានគ្មានអ្នកក្រដូចសម័យប៉ុលពត។
លោក សុខ ឥសាន បានបញ្ជាក់ថា «ហេតុតែមានមហិច្ឆតាចង់បានអំណាច ទោះខូចខាតផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនយ៉ាងណា ក៏ដោយក៏សម រង្សី មិនឈឺក្បាលវិលមុខដែរ ស្របតាមចរិតជាកូនពួកអភិជនតាំងពីពូជពង្សដើមរបស់ខ្លួនមក។ ដូច្នេះ អាចនិយាយបានថា នយោបាយ សម រង្សី គឺជានយោបាយខ្មែរក្រហម ជានយោបាយចងគំនុំ និងជានយោបាយចងកំហឹងចំពោះជាតិសាសន៍ឯង យ៉ាងពិតប្រាកដ»៕