(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យគម្រោងស្ថាបនាផ្លូវ០១ខ្សែ ដោយប្រើប្រាស់គម្រោងថវិកា របស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃសលិច និងភូមិធម្មត្រ័យ សង្កាត់ព្រៃស ដែលមានទំហំជួសជុល ១៤៥០ម៉ែត្រក្រឡា ស្មើនឹងប្រវែង ២៤១ម៉ែត្រ ទទឹង០៦ម៉ែត្រ។
លោកអភិបាលខណ្ឌ បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋាន ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាក់ស្តែងផ្លូវបេតុងថ្មី០១ខ្សែទៀត ដែលជាគម្រោងស្ថាបនាឆ្នាំ២០១៧នេះ ជាសមិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់តិចតួចដែលបណ្តាលមកពី ការស្ថាបនាផ្លូវថ្មីនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុកភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ។
ជាការឆ្លើយតបប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសរដ្ឋបាលខណ្ឌដង្កោ តែម្តងដែលបានជួយអភិវឌ្ឍន៍មូលជាបន្តបន្ទាប់ ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរបានស្រួល៕