(ក្រចេះ)៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកទ្វារ បង្អួច ខណៈបើកលឿនដូចព្យុះ ក៏ជ្រុលទៅបុកផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់សសរ បង្កឲ្យមនុស្សចំនួន៣នាក់ គៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ កើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវកែងទំនប់ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រជាពលរដ្ឋជាម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកសិប្បកម្មកែឆ្នៃខាងលើ បានធ្វើដំណើរឆ្លងកាត់ក្រុងក្រចេះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកផ្ទះ របស់ពួកគាត់ នៅចំណុចខាងលើ បណ្ដាលឲ្យបាក់សសរ ហើយក៏ជ្រុលធ្លាក់ទៅជម្រៅក្រោមផ្ទះបន្តទៀត។ គ្រោះថ្នាក់នេះបង្កឲ្យមនុស្សចំនួន៣នាក់ គៀបជាប់ក្នុងរថយន្ត ហើយត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយអ្នកភូមិជួយគាស់ចេញ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ។

មន្ត្រីនគរបាលចរាចរ បានឲ្យដឹងថា រថយន្តសាំយ៉ុងខាងលើ ពាក់ស្លាក់លេខ ភ្នំពេញ 2S-9327 បើកបរដោយឈ្មោះ រាំ សារ៉ាត អាយុ៣១ឆ្នាំ រស់នៅភូមិមហាលាភត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមានអ្នករួមដំណើរឈ្មោះ ស៊ន់ ម៉ូលីដា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ត្រូវជាប្រពន្ធ) រួមនឹងព្រូររថយន្តម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីពេទ្យបង្អែកខេត្ត។

ពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មានការព្រួយបារម្ភ ចំពោះសុវត្ថិភាពខ្លាំងណាស់សព្វថ្ងៃនេះ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យបារម្មណ៍ ព្រោះថា ជារៀងរាល់យប់ថ្ងៃ គេសង្កេតឃើញរថយន្តដឹកឈើប្រភេទសាំយ៉ុង ដែលបើកបរឆ្វេកឆ្វាចវ៉ាជែងគ្នា ដោយមិនកោតក្រែងដល់អ្នករួមដំណើរលើផ្លូវជាមួយ។

សូមបញ្ជាក់ថា នៅផ្លូវកែងមួយនេះ និងផ្ទះដែលរថយន្បានបុក មិនមែនជាលើកទី១ទេ កាលពីពេលកន្លងទៅ មានរថយន្ដបុកម្ដងរួចមកហើយ បណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសធ្ងន់ទៀតផង ហើយពលរដ្ឋស្នើឲ្យអាជ្ញាធរ ក៏ដូចជានគរបាលចរាចរ គួរតែដាកស្លាកសញ្ញាកោងនៅតាមមាត់ផ្លូវផង៕