(កំពត)៖ បេក្ខជនទើបប្រឡងជាប់ចូលជាក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន៣នាក់ ត្រូវបានប្រកាសបណ្តេញចេញ ដោយសារតែពួកគេត្រូវបានរកឃើញមានសារធាតុញៀនក្នុងខ្លួន ហើយទាំង៣នាក់ធ្លាប់បានប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ បានបញ្ជាក់ថា «ខ្ញុំកំពុងតែស្នើសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ដើម្បីផ្ដាច់ចេញពីក្របខ័ណ្ឌ និងចាត់វិធានការតាមច្បាប់»។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ បានថ្លែងថា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ «បេក្ខជនទើបប្រឡងជាប់ជាមន្រ្តីនគរបាលជាតិចំនួន៣រូប ត្រូវបានរកឃើញថា មានសារធាតុញៀន»។ បេក្ខជនទាំង៣នាក់នេះ រួមានទី១៖ឈ្មោះ ស សម្បត្តិ អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត, ទី២៖ ឈ្មោះ អ៊ឹង ធារៈ អាយុ២៥ឆ្នាំ រស់នៅភូមិអណ្តូងព្រេង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងទី៣៖ឈ្មោះ តេង បូរ៉ា អាយុ២២ឆ្នាំ រស់នៅភូមិចង្ហោន ឃ៊ំព្រែកត្នោត ស្រុកទឹកឈូ៕