(កោះកុង)៖ ដោយអនុវត្តន៍ទៅតាមបទបញ្ជារបស់អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ជា នី អនុប្រធានសាខាកាំកុងត្រូល ខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះពិនិត្យមើលមុខទំនិញ និងសម្ធិផលនានាដែលអាជីវករដាក់តាំងលក់ នៅតាមលំនៅដ្ឋាន និងសម្ធិផលនានា ដែលអាជីវករក្នុងផ្សារភូមិថ្មីចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការចុះពិនិត្យស្វែងរកមុខទំនិញហួសការបរិច្ឆេទខាងលើនេះ លោក ជា នី បានឲ្យដឹងថា ក្រុមការងារបានពិនិត្យសម្ធិផលនានា ដែលអាជីវករដាក់តាំងលក់ ដើម្បីស្វែងរកសារធាតុគីមី និងពិនិត្យថ្ងៃខែឆ្នាំ ផលិតរបស់ក្រុមហ៊ុននិមួយៗ ថាតើហួសការបរិច្ឆេទឬទេ។
លោក ជា នី បានបន្តថា ក្រុមការងារចុះពិនិត្យរាល់មុខទំនិញ ក្នុងផ្សារភូមិថ្មីចាំយាម ដើម្បីរកសូចនាករ នៃគ្រោះទៅលើទំនិញ ដែលគ្រឿងឧបភោគបរិភោគ ដែលមានលក្ខណៈមិនប្រក្រតី ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបានបញ្ជាក់ថា ក្នុងការចុះយុទ្ធនាការថ្ងៃនេះ គឺមានគោលដៅពិសេសចំនួន២សំខាន់ ដែលធ្វើប៉ះពាល់សុខភាពពលរដ្ឋស្លាប់៖ ទី១-ពិនិត្យ ទៅលើស្រាស ឬស្រាថ្នាំ ខ្លាចមានជាតិពល និងទី២-ពិនិត្យទៅលើសាច់មាន់ សាច់ទា ខ្លាចមានឆ្លងជម្ងឺបក្សី។
លោកបានឲ្យដឹងទៀតថា «បញ្ហាទាំង២នេះ បានកើតមានក្នុងប្រទេសកម្ពុជាយើងចំនួន២ខេត្ត គឺខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដូច្នេះដើម្បីសុវត្ថិភាព បងប្អូនសមត្ថកិច្ច ត្រូវណែនាំដល់អាជីវករ ទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យ និងឲ្យដឹងពីការចែកចាយរបស់អ្នកផលិតស្រា និងចំពោះសាច់មាន់ សាច់ទាមិនត្រូវទិញមាន់ទាឈឺ យកមកធ្វើលក់ឡើយ មុនទិញចូលត្រូវបញ្ជាក់ឲ្យដឹកពីកសិដ្ឋានចិញ្ចឹមសត្វឲ្យបានច្បាស់លាស់»។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យរាល់មុខទំនិញនានា របស់អាជីវករដាក់តាំងលក់នេះ ក្រុមការងារបានដកហូតមី ផលិតនៅប្រទេសវៀតណាម ហួសការបរិច្ឆេទចំនួន២២៥កញ្ចប់ ព្រមទាំងធ្វើការណែនាំអាជីវករ មុនដាក់តាំងលក់ត្រូវចេះពិនិត្យ ថ្ងៃខែឆ្នាំផលិតរបស់ក្រុមហ៊ុន (ការពារប្រសើរជាងព្យាបាល)៕