(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស រស់នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចាប់ពីពេលនេះទៅលែងពិបាកឆ្លងក្បូន ទៅសាលា និងទៅកាន់ទីប្រជុំជនទៀតហើយ ដោយសារការសាងសង់ ស្ពានយោល នៅទីនេះ ត្រូវបានរួចរាល់ និងដាក់ឲ្យឆ្លងជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមវត្តមាន លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក ឆាន ជិន មេឃុំសុខសាន្ត បានថ្លែង អាជ្ញាធរ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅទីនេះ បានសម្តែងនូវការត្រេកអរ ជាខ្លាំង ដោយសារបងប្អូននៅទីនេះលែងបានចំណាយសេវាថ្លៃក្បូនទៀតហើយ។ លោក លើត ចិន អាយុ៤៧ឆ្នាំ ជាជនជាតិព្នង មានកូនចំនួន១០នាក់ បានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានជួយសាសង់ស្ ពានយោល ជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូន ទូទៅឆ្ពោះទៅកាន់ទីប្រជុំជន។
មិនខុសពីមេឃុំ និងប្រជាពលរដ្ឋនោះ លោក ឃន សុភឿន ស្មៀនឃុំសុខសាន្ត បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងនូវពេល
មានស្ពានយោលមួយកន្លែងនេះ ផ្តល់ប្រយោជន៍យ៉ាងសំខាន់ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សពួកគាត់ លែងខ្វល់ខ្វាយ ទៀតហើយ រាល់ការចំណាយក្នុងការឆ្លងក្បូន។
លោក សៀត គឹមសាន នាយកសាលាបឋមសិក្សា «កែរ៉ាពៅ» ក៏បានត្រេកអរដោយសារបានស្ពានយោលនេះឆ្លងទៅ កាន់សាលារៀន ជួយកាត់បន្ថយអត្រានៃការត្រួតថ្នាក់ និងអត្រានៃការបោះបង់សាលាដូចបណ្តាឆ្នាំមុនៗ។
ដោយឡែកប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមនាថ្ងៃនេះ បានធ្វើការសម្តែងនូវការសប្បាយចិត្ត និងសូមអរគុណដល់
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី តែងតែយកចិត្តទុកដាក់គិតគូរពីទុកលំបាករបស់បងប្អូន នៅតំបន់ដាច់ស្រយ៉ាល ដែលកំពុងជួបបញ្ហា។
លោក ស្វាយ សំអ៊ាង បានថ្លែងនៅក្នុងពិធីនេះឲ្យដឹងថា ការសាងសង់ស្ពានយោលមួយកន្លែងនៅភូមិជីក្លប់ ប្រវែង៨២ម៉ែត្រ ទទឹង១ម៉ែត្រនិង៨តឹក ដោយគ្រិះសងខាងចាក់គ្រឹះបេតុង ប្រើប្រាស់ថវិកាក្នុងសាងសង់សរុប២១០០០ដុល្លារ។ ថវិកាមួយផ្នែក បានមកពីបណ្តាក្រុមហ៊ុន និងមួយផ្នែកទៀតបានមកពីសប្បុរសជន ហើយនៅខ្វះប៉ុន្មានជាថវិកា របស់លោកអភិបាលផ្ទាល់។
ក្នុងនោះផងដែរ ក្រុមហ៊ុន DTC របស់លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជានាយកក្រុមហ៊ុន ដែលក្រុមហ៊ុនវិនិយោគមួយនេះ បានជួយទាំងថវិកា និងសម្ភារ។
លោកអភិបាលខេត្ត បានថ្លែងប្រាប់បងប្អូប្រជាពលរដ្ឋនៅទីនេះ ឲ្យចេះជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋឲ្យបានល្អ ប្រសើរផង ប្រយោជន៍សំខាន់ គឺវាអាចជួយ សម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយថវិកា ក្នុងការចំណាយលើការឆ្លងក្បូន នារដូវទឹកឡើងនៅរដូវវស្សាខាងមុខនេះ៕